(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀតនោះគឺ «បទរំលោភលើលំនៅដ្ឋាន»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសបានបញ្ជាក់ថា «បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន»

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា «ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ»

សូមបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស នាពេលកន្លងទៅ ក្នុងនោះមានបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់៕