(បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភ្សាការងារក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់ខ្លួនជាមួយនឹង
រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

កិច្ចជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីចុះពិនិត្យសិក្សាស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធ និងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតី
តយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី។

លោក សុខ លូ បានជម្រាបជូនពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះ
បណ្តាលវិជ្ជាជីវៈ ព្រមទាំងវិស័យកិច្ចការនារី ក៏ដូចជាការលើកឡើងរបស់មន្ទីរជំនាញពាក់ព័ន្ធនានាផង។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលខេត្តរួចមក, លោកស្រី ឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវអភិក្រមទាំង៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបានដាក់ចេញនូវគោលនយោបាយ៦ចំណុចបន្ថែមទៀត រួមមាន៖ ការពង្រឹង
វិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណ ប.ស.ស ប័ណ្ណសម៌ធម៌ ការលើកម្ពស់សុខមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទង និងការងារ ប.ស.ស ការអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍន៍ភាពធនចីរភាព ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។

លោកស្រីបន្តថា បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភានាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកស្រី ឡោក ខេង ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាជនចុះឈ្មោះជា សមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាលដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបន្តជំរុញនិងផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង
បច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមួយចំនួន ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។

លោកស្រីលើកឡើងថា ខេត្តបាត់ដំបងជាខេត្តធំមួយ មានសក្តនុពលខ្លាំង បានធ្វើការបំរើប្រជាពលរដ្ឋបានល្អ និងស្នើឲ្យរដ្ឋបាលខេត្តបន្តអនុវត្តការងារដ៏ល្អនេះបន្ថែមទៀតនាពេលអានាគត់កាន់តែល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋយើង រស់នៅ
មានសុខភាពល្អ មានសុខសុវត្ថិភាពក្នុងការរស់នៅ ប្រកបរបរការងារផ្សេងៗ ប្រកបដោយសុខសាន្ត មានជីវភាពធូធារមានចំណូលខ្ពស់ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០-២០៥០ផងដែរ៕