(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកម្មវិធី ការធ្វើបទបង្ហាញស្តីពីការអប់រំអាណាព្យាបាល ពីសារៈសំខាន់នៃការស្តារនិតិសម្បទា បន្ទាប់ពីទទួល ការវះកាត់ គ-ថ្លង់។

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យលូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការចូលរួមពីអ្នកជំនាញមកពីអូស្រ្តាលី និងនាយកមជ្ឈមមណ្ឌលថែទាំ hearLIFE ប្រចាំកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ។

លោកសាស្ត្រាចារ្យលូ លីឃាង បានលើកឡើងថា ការបើកកម្មវិធីអប់រំនេះ មានគោលបំណងបណ្តុះបណ្តាលអាណាព្យាបាលអំពីសារៈសំខាន់នៃការស្តារនីតិសម្បទា បន្ទាប់ពីការវះកាត់គ-ថ្លង់។ ការស្តារនិតិសម្បទាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារ ដែលបានឆ្លងកាត់ការវះកាត់គ-ថ្លង់ ដើម្បីឱ្យពួកគេចាប់ផ្តើមរស់នៅមានដំណើរការធម្មតា និងមានជីវិតដូចកុមារដទៃទៀត។

លោកនាយកមន្ទីរពេទ្យបានថ្លែងបន្ដថា «យើងជឿជាក់ថាអាណាព្យាបាលមានតួនាទីដ៏សំខាន់បំផុត ក្នុងការផ្តល់នូវការគាំទ្រ ការអប់រំ និងការថែទាំសម្រាប់កូនៗ។ អាណាព្យាបាល គឺជាអ្នកដែលជួយកូនៗឱ្យមានកម្លាំងក្នុងការចូលរួមការស្តារនីតិសម្បទា និងបង្កើនសុភមង្គលរបស់ពួកគេ។ សូមបងប្អូនអាណាព្យាបាលត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ហើយយើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ដើម្បីធានាថាកូនៗរបស់យើង នឹងមានអនាគតល្អបន្ទាប់ពីការវះកាត់គ-ថ្លង់ រួច»

សម្រាប់អាណាព្យាបាលរបស់កុមារ គ-ថ្លង់ បានសម្ដែងនូវការពេញចិត្ដជាខ្លាំង ជាមួយនឹងការសប្បាយរីករាយ ដែលពួកគាត់អាចចូលរួមចំណែកក្នុងការជួយឱ្យកូនរបស់អាចស្ដាប់បានឡើងវិញ បន្ទាប់ពីធ្វើការវះកាត់។

ម្ដាយមួយរូប ដែលមានកូនស្រីទើបទទួលការវះកាត់គ- ថ្លង់ មានទីលំនៅខេត្តកោះកុង បានថ្លែងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានព្យាបាលកូនស្រីរបស់គាត់ឱ្យស្តាប់ឮ និងនិយាយបានប្រហាក់ប្រែប្រហែល និងមនុស្សធម្មតាវិញ រហូតដល់ទៅស្តាប់៨០% ។

ជាពិសេសស្ដ្រីជាម្ដាយរូបនេះ ក៏បានធ្វើការអំពាវនាវដល់អ្នកដែលមានកូនតូចត្រូវតាមដានសកម្មភាពរបស់កូន ប្រសិនបើកូនមិនអើងពើនឹងងការហៅ ឬបង្ហាញអារម្មណ៍ថា មិនបានឮសំលេងនោះ សូមប្រញាប់យកកូនមកកាន់មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

ស្ដ្រីជាម្ដាយរូបនេះ ក៏បានគូសរម្លឹកថា «កន្លងមក ខ្ញុំបាននាំកូនស្រីខ្ញុំទៅកាន់មន្ទីរពេទ្យចំនួន២ហើយ ដើម្បីទទួលការព្យាបាលជំងឺគ-ថ្លង់នេះ តែគាត់នៅតែមិនអាចព្យាបាលជានោះទេ ទើបសម្រេចចិត្តយកមកមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់ ហើយក្រោយការវះកាតរួចរាល់ ក្រុមគ្រូពេទ្យបានបង្រៀនខ្ញុំពីការរបៀបថែទាំកូនក្រោមវះកាត់ ។ជាលទ្ធផលកូនខ្ញុំក៏អាចស្ដាប់ និងនិយាយបានដូចក្មេងដទៃធម្មតាដែរ។

តាមការបញ្ជាក់របស់លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា អ្នកជំងឺទទួលការវះកាត់នៅកម្ពុជា ក្នុងមន្ទីរពេទ្យព្រះអង្គឌួង សរុប៤៧នាក់ ត្រូវនឹង ៦១ត្រចៀក ប្រុស១៧ ស្រី៣០នាក់ ដែលបានចាប់ផ្ដើមវះករណីដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មកម្លេះ៕