(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បានបើកកិច្ចប្រជុំលើកទី៣៦ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៥ អាណត្តិទី៣ ព្រមទាំងឆ្លង និងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៤ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ផ្ញើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកនៅក្នុងខែមិថុនា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤២ ពាក្យប្ដឹង។

ជាមួយគ្នានេះកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ២១០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន៩២នាក់ និងមន្ត្រី ១១៨នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។

សម្រាប់ការងារអប់រំ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងអ្នកជំនាញផ្នែកច្បាប់ បានផ្តល់បទឧទ្ទេសនាម ស្តីពី «ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌» ដល់សិស្សវត្តវិក្រឹតការ មន្ត្រីក្រមការសម្រាប់ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សសារការីជំនាន់ទី៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលរៀបចំដោយក្រសួងយុត្តិធម៌។ ចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ របស់អង្គភាពលទ្ធកម្ម និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀតតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ពាក់ព័ន្ធវិស័យឯកជន ACU បានចុះអនុសនុស្សារណៈនៃការយោគយល់គ្នាទី១០៦ ជាមួយក្រុមហ៊ុនអង្គរអ៉ីនធើណេសិនណល អ៊ែរផតអ៉ិនវេសម៉ិន ខេមបូឌា ដែលជាការបង្ហាញជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់របស់វិស័យឯកជន ក្នុងស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងសកម្មក្រោមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ ក៏មានការលើកឡើងពីការងារចូលរួមបណ្តុះបណ្តាលកម្រិតជាតិ អន្តរជាតិជាច្រើនលើក ដើម្បីធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស៊ីវិល ក្រសួង-ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញថវិកាសមិទ្ធិកម្ម» កម្រិត១ វគ្គវិក្រឹត្យការ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទាន និងការរីកសាយភាយ អាវុធមហាប្រល័យ និងការវាយ តម្លៃហានិភ័យថ្នាក់ជាតិ នៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យតាមរយៈប្រព័ន្ធ Zoom កាលពីចុងខែឧសភាកន្លងទៅនេះ។

ចំណែកការងារតំបន់ និងអន្តរជាតិ ACU បានទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋខេត្តយូណាន មកបំពេញទស្សនកិច្ចនៅ ACU ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ព្រមទាំងបានចូលរួមសន្និសីទ រដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនៅទីក្រុងវីយែន ប្រទេសអូទ្រីសជាដើម៕