(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីឆ្លើយតបជាមួយការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធការលើកឡើងផ្ទាំងរូបថតចំនួន២ផ្ទាំងរបស់ លោកសេនាប្រមុខ លន់ នល់ ដែលដាក់បិទនៅខាងមុខសាលាខេត្តកំពង់ចាម។

ចំពោះផ្ទាំងរូបភាពនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ជូនថា ជារូបភាពដែលក្រុមការងារនិពន្ធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានរៀបចំនៅអំឡុងខែមករា ឆ្នាំ២០២៣ សម្រាប់ថតសកម្មភាព នៃសាច់រឿងនិទានប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «ការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក (Facebook) និងតិកតូក (TikTok) របស់គណនីឈោ្មះ Team Pu Se ដែលបានបង្ហោះរូបភាពរបស់លោកសេនាប្រមុខ លន់ នល់ នៃរបបសាធារណៈរដ្ឋខ្មែរ ដែលមានចំនួន ០២ផ្ទាំង ស្ថិតនៅមុខខ្លោងទ្វារសាលាខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនបងប្អូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា រូបភាពទាំងពីរនេះ ជារូបភាពដែលក្រុមការងារនិពន្ធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានរៀបចំផ្ទាំងរូបភាពនេះ នៅអំឡុងខែមករា ឆ្នាំ២០២៣ សម្រាប់ថតសកម្មភាព នៃសាច់រឿងនិទានប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុង ការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា និងផ្តិតនូវជីវៈប្រវត្តិជាក់ស្តែងរបស់សម្ដេចតេជោ ដោយមានភារកិច្ចដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្ដែងផងដែរ»។

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសបដិសេធនឹងរូបភាពនៃការផ្សព្វផ្សាយដែល នាំឱ្យមានការយល់ច្រលំ និងទាញចំណេញនយោបាយ បំផ្លើសការពិត និងចោទប្រកាន់មករដ្ឋបាលខេត្ត ឬថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបំពុល ឬជះឥទ្ធិពលអាក្រក់ដល់ បណ្តាញសង្គម និងធ្វើឱ្យមានការភ័ន្តច្រឡំជាសាធារណៈ។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានតែងតែចូលរួមធ្វើការផ្សព្វផ្សាយនូវសកម្មភាពថ្នាក់ដឹកនាំ ឬសមិទ្ធផលនានាក្នុងខេត្តកំពង់ចាម។ ដោយឡែក ចំពោះគណនីឈ្មោះ Team Pu Se ដែលបង្ហោះមានលក្ខណៈបំពុលសង្គមបែបនេះ រដ្ឋបាលខេត្ត ស្នើឱ្យម្ចាស់គណនីធ្វើការលុបចោលនូវវីដេអូ ក៏ដូចរូបភាពដែលបានបង្ហោះជាបន្ទាន់។ ប្រសិនបើម្ចាស់គណនីរូបនេះ មិនព្រមលុបចោលនោះទេ រដ្ឋបាលខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ៕