(ភ្នំពេញ)៖ អ្នកជំនាញធ្វើរបាយការណ៍ បានរិះគន់ខ្លាំងៗចំពោះការធ្វើរបាយការណ៍ដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់របស់អង្គការសង់ត្រាល់ ដែលគិតតែពីប្រយោជន៍បុគ្គល អាត្មានិយម បម្រើមហិច្ឆិតាបរទេស ដោយបំប៉ោងការពិត នាំឱ្យមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរដល់ការងារកម្មករក្នុងវិស័យកាត់ដេរប្រមាណ១លាននាក់នៅកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណ: អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គោលការណ៍នៃការស្រាវជ្រាវ និងធ្វើរបាយការណ៍ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៃការឆ្លើយសំណួរដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំអ្វីទាំងអស់។ ជាមួយគ្នានេះ លោកនិយាយថាវាត្រូវមានភាពប្រាកដប្រជាចំពោះរបកគំហើញដែលជាលទ្ធផលនៃការស្រាវជ្រាវនោះ។

ទោះបីជាយ៉ាងណា លោកបណ្ឌិត ហុង វណ្ណ: កត់សម្គាល់ថាអង្គការសង់ត្រាល់ ដែលបានទទួលជំនួយបរទេសធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈនៃការស្រាវជ្រាវ បង្កើតរបកគំហើញ បំភ្លៃសំណាក ដោយបំពានឯកជនភាពរបស់សហជីព និងកម្មករនិយោជិត។

លោកថ្លែងថា៖«ការបំប្លែងការពិតនេះគឺប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍប្រទេសជាតិជារួម ជាពិសេសរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរទាំងអស់ដែលបង្កើតការងារប្រហែលជា១លាននាក់ជូនពលរដ្ឋកម្ពុជា និងនាំប្រាក់ចំណូលដល់ជាតិប្រហែលជា១៧ពាន់លានក្នុង១ឆ្នាំៗ ហ្នឹងគឺជាការប៉ះពាល់ធ្ងន់ធ្ងរ។»

អ្នកជំនាញរូបនេះបានពន្យល់ថា បើសិនជាមានការបំពាន និងរិតត្បិតសិទ្ធិសេរីភាពកម្មករនៅកម្ពុជាមែននោះ សហជីពមូលដ្ឋានដែលតំណាងឱ្យកម្មករនិយោជិត ក៏ដូចជាកម្មករនិយោជិតខ្លួនឯង ដែលទទួលបានចំណេះដឹងផ្នែកច្បាប់ និងសុខុមាលភាព តាមរយៈអង្កការផ្សេងៗដែលបានចុះទៅបង្ហាត់បង្ហាញនោះ នឹងចេញតវ៉ាដោយខ្លួនឯង ដោយមិនចាំបាច់អង្គការសង់ត្រាល់ចេញរបាយការណ៍នោះទេ។

ដូចគ្នានេះដែរ លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របជាមួយលោកបណ្ឌិត ហុង វណ្ណ: ថា ភាពគ្មានជំនាញវិជ្ជាជីវៈរបស់អង្គការសង់ត្រាល់ ដែលចេញរបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងជារបាយការណ៍ដែលមិនទទួលបានទិន្នន័យពេញលេញ គ្មានសច្ចភាព ធ្វើឱ្យមានការយល់ច្រឡំ ដែលបង្កឱ្យមានការបះបោរចលាចល ដោយកម្មករនិយោជិត ឬអ្នកដែលឈឺឆ្អាលក្នុងរឿងកម្មករនិយោជិតក្នុងសង្គម។

លោកនិយាយថា របាយការណ៍បំប៉ោងការពិតរបស់សង់ត្រាល់ ក៏ប៉ះពាល់ដល់វិនិយោគិន អ្នកបញ្ជាទិញ លែងចង់ដាក់ទុនរកស៊ីបន្តទៀតនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លោកបន្ថែមថា បណ្តាប្រទេសផ្សេងៗទៀត នៅសហគមន៍អឺរ៉ុប និងដាក់សម្ពាធលើកម្ពុជា ព្រោះតែយល់ច្រឡំអំពីការអនុវត្តន៍សិទ្ធិសេរីភាពកម្មករនិយោជិត។

លោកលោកបណ្ឌិត ឈត ប៊ុនថង គូសបញ្ជាក់ថា៖«របាយការណ៍មួយប៉ះពាល់ដល់សង្គមទាំងមូល ដូច្នេះទាមទារឱ្យមានការបង្ហាញការពិត ដែលជាសច្ចៈភាព មិនមែនចេះតែធ្វើឡើងដោយទ្វេសប្រហែសបានទេ ព្រោះកាលណាចេញទៅវាប៉ះពាល់ផលប្រយយោជន៍ជាតិ ប៉ះពាល់ផលប្រយោជន៍ថៅកែ ប៉ះពាល់ផលប្រយោជន៍សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិពាក់ព័ន្ធនឹងវិស័យការងារជាដើម»

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយយប់ថ្ងៃទី២៦ ខែមិថុនា អង្គការសង់ត្រាល់បានទទួលស្គាល់ថា ទំហំសំណាកនៃការស្រាវជ្រាវរបស់ខ្លួននៅមានកម្រិត ហើយគ្មានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្តែងរបស់កម្មករនិយោជិតនៅកម្ពុជាទេ។ការបកស្រាយបំភ្លឺនេះផ្ទុយពីរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ថាសរីភាពរបស់សហជីពនៅកម្ពុជាទាំងមូលត្រូវបានបំផ្លិចបំផ្លាញនោះ៕