(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីរុក្ខទិវា ៩ កក្កដា ២០២០៤ ស្ថិតនៅបរិវេណវត្តកំពង់អំពិល ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុុករំដួល ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥០០ អង្គ/នាក់។
លោកអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តបរិវេណវត្តកំពង់អំពិលនាថ្ងៃនេះ ដើម្បីចូលរួមលើកកម្ពស់ បរិស្ថានធម្មជាតិ ប្រកបដោយបរិយាកាសបរិសុទ្ធនៅក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាមផងដែរ។
អភិបាលខេត្តបានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា តាមផ្លូវលំ ផ្លូវជាតិ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប តាមស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើ សំដៅធ្វើឲ្យមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀង កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល។
លោកអភិបាលខេត្តបានលើកឡើងទៀតថាដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ត្រូវបន្តបណ្ដុះកូនឈើ ជាពិសេសដើមឈើហូបផ្លែ និងដើមត្នោតជាដើម ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងពិនិត្យលទ្ធភាពជ្រើសរើសទីតាំងសមស្របណាមួយបង្កើតជាសួនដាំដើមឈើក្នុងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទ ទុកជាប្រយោជន៍សម្រាប់យុវជនជំនាន់ក្រោយ។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនអ្នកចូលរួមផងដែរ៕