(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ លោក អំ បឺរឡា (Om Birla) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា សារជាថ្មី សម្រាប់នីតិកាលទី១៨ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាសារជាថ្មី សម្រាប់នីតិកាល ទី១៨ នៃរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤»។

សម្តេចបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ពាណិជ្ជកម្ម និងវប្បធម៌តាំងពីយូរលង់ណាស់មកហើយ។ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្តល់នូវកម្លាំងជំរុញបន្ថែមទៀត ដល់ទំនាក់ទំនងដែលមានស្រាប់ទាំងនេះ។

សម្តេចមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគី រវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ នឹងបន្ត ពូនជ្រុំឱ្យកាន់តែស៊ីជម្រៅថែមទៀតតទៅអនាគត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ។

សម្តេចទន្ទឹងរង់ចាំបន្តការងារយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយ លោក អំ បឺរឡា (Om Birla) ព្រមទាំងសហការី ដើម្បីពង្រឹងទំនាក់ទំនងការទូតសភា និងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ទាំងកម្រិតទ្វេភាគីនិងពហុភាគី៕