(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងនឹងជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើការការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធទិវាយល់ដឹងពីទន្លេមេគង្គ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងមានវត្តមានចូលរួមរបស់កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម, លោក សេឌ្រិច អេឡយ ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា, លោកស្រី ជា សិលា អ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ, លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FAUNA & FLORA កម្ពុជា, ស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត និងការចូលរួមពីសិស្សនិស្សិតដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិជាច្រើនរូបផងដែរ។

ជាមួយគ្នានេះ លោក សេឌ្រិច អេឡយ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ, អង្គអភិរក្សាសមុទ្រកម្ពុជា ក៏ដូចជាដៃគូសហការទាំងអស់ ដែលជម្រុញឱ្យមានកម្មវិធីនេះ។ លោកបន្តថា ការប្រារព្ធពិធីនេះគឺដើម្បីឱ្យយុវជនកម្ពុជាស្វែងយល់ពីចំណេះដឹងជាសកលដែលបាននាំចូលមកតាមរយៈកម្មវិធីនេះ ហើយលោកសង្ឃឹមថាកម្មវិធីនឹងមិនធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ អំណើសតទៅអាចនឹងប្រារព្ធនៅតាមខេត្ត ដើម្បីផ្ដល់ឱកាសដល់យុវជននៅតាមបណ្ដាខេត្តស្វែងយល់ពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅកម្ពុជា។

បន្ថែមពីនោះ លោក Pablo Sinovas បានលើកឡើងពីទិដ្ឋភាពនៅតាមដងទន្លេមេគង្គដែលជាទន្លេមួយជួយទ្រទ្រង់ជីវិតមនុស្សរាប់លាននាក់ ហើយក៏ជាកំណប់អច្ឆរិយមួយរបស់ប្រទេសកម្ពុជា ខណៈដែលប្រព័ន្ធអេកូឡូស៊ីនៅតំបន់នេះកំពុងប្រឈមទៅនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ដោយសារតែកត្តាអភិវឌ្ឍឆាប់រហ័ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងការអនុវត្តមិនមាននិរន្តរភាព។ បើទោះបីជាមានបញ្ហាប្រឈមយ៉ាងណា លោកនៅតែមានជំនឿជាក់ថា ការរួបរួមគ្នាក្នុងការចូលរួមស្ដារឡើងវិញនូវការអភិរក្សធនធានធម្មជាតិ ដើម្បីធានាថានៅតែសម្បូរទៅដោយព្រៃឈើ ជីវៈចម្រុះ និងប្រជាជនរស់នៅប្រកបដោយសុខុដុមរមនាផងដែរ។

អ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លោកស្រី ជា សិលា បានបញ្ជាក់ថា ទន្លេមេគង្គគឺជាជម្រកដ៏សំខាន់សម្រាប់ត្រីជាង១ពាន់ប្រភេទ ហើយក៏ជាជម្រកសម្រាប់សត្វទឹកជាច្រើនទៀតផងដែរ ហើយកាលពីឆ្នាំ២០២២កន្លងទៅ រដ្ឋបាលជលផលបានរកឃើញវត្តមានត្រីបបែលយក្សធំជាងគេលើពិភពលោកនៅក្នុងខ្សែទឹកទន្លេមេគង្គនៃប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងការបើកសម្ភោធកម្មវិធីផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ជាពិសេសប្រធានបទថ្ងៃនេះ ជុំវិញទន្លេមេគង្គ (Mekong Discovery Days) ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រសួងនឹងបន្តជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើការការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព»។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងនិងអង្គការដៃគូលើការងារនេះ។ លោកបានសង្កត់បញ្ជាក់ថា ការសហការល្អធ្វើការជាមួយគ្នាទាំងរដ្ឋ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធគឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។

ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា ក៏បានបង្ហាញពីសុទិដ្ឋិនិយមនិងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ៕