(កែប)៖ ក្រុមការងារគណបក្សប្រជាជន ស្រុកដំណាក់ដង្អើរ ខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាសបញ្ចូល សមាជិកថ្មី ៤៦នាក់ បន្ថែមទៀត នៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមានលោក កែន សត្ថា ប្រធានគណបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តកែប លោក សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះជួយភូមិអូរដូង លោកឧត្តមសេនីយ៍ត្រី អីុង សំអុល អនុប្រធានទី១ ក្រុមការងារភូមិអូរដូង ព្រមទាំងភ្ញៀវកិត្តិយស លោកប្រធានគណបក្សឃុំពងទឹក ប្រធាន អនុប្រធាន សាខាបក្សភូមិនិង សមាជិកគណបក្សប្រជាជន សរុប ១៥៤នាក់។
លោកឧត្តមសេនីយ៍ត្រី អ៉ឹង សំអុល បានធ្វើរបាយការណ៍សង្ខេបពីរចនាសម្ព័ន្ធ សភាពការណ៍ទូទៅ និងវឌ្ឍនៈភាពការងារ ដែលក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាសម្រេច ក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យប្រជាប្រិយ ភាពគណបក្សប្រជាជន កាន់តែមានឥទ្ធិពល មានភាពល្បីល្បាញ និងអូសទាញបានការគាំទ្រ កាន់តែច្រើនឡើងៗ ជាលំដាប់រៀងរាល់ថ្ងៃ។
ជាមួយគ្នានោះដែរ លោក កែន សត្ថា និងលោក សុខ មុនី ក៏បានវាយតំលៃខ្ពស់ពីវឌ្ឍនៈភាពការងារនៅមូលដ្ឋានខាងលើ ក៏ដូចជាភាពរីកចម្រើន ឥតឈប់ឈររបស់ CPP ដែលនាំឱ្យបក្សមានលទ្ធភាព សមត្ថភាព កាន់កាប់អំណាច និងបន្តថែរក្សាសន្តិសុខ សន្តិភាព ជូនប្រជាជន ប្រទេសជាតិ បន្តយូរអង្វែងតទៅទៀត ហើយលោក ក៏បានពន្យល់ពីផែនការ ឧបាយកល សកម្មភាព ទុច្ចរិតមួយចំនួន ដែលពួកអមិត្តបានប្រព្រឹត្តកន្លងមក នឹងកំពុងបន្តប្រព្រឹត្តរៀងរាល់ថ្ងៃ ដែលទង្វើទាំងអស់នេះ មិនអាចនាំមកនូវសន្តិភាពជាតិបានឡើយ ផ្ទុយទៅវិញ ពិតជាបង្កមហន្តរាយ ដល់ប្រទេសជាតិ បើមិនបានបង្ការទប់ស្កាត់ បង្ក្រាបទាន់ពេលវេលានោះ។
ចុងបញ្ចប់លោកក៏ បានណែនាំការងារមួយចំនួនដែលត្រូវធ្វើបន្ត និងបានប្រគេនថវិកា ជូនព្រះចៅអធិការវត្តយាយជី ប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក ប្រធានគណបក្សឃុំ ប្រធានគណបក្សភូមិ និងសមាជិក ដែលបានចូលរួមនូវថវិកាមួយចំនួន ព្រមទាំងក្រមា អាវគណបក្សប្រជាជនម្នាក់ ១ផងដែរ៕