(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំ ​«ទិវាជាតិសហគ្រាសធុនមីក្រូ​ តូច​ និង មធ្យម» ​ជាលើកដំបូង ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ, តូច, និង មធ្យម ដើម្បីកំណើនកាន់តែប្រសើរ» ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកិច្ច។

នាឱកាស​បើកទិវានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការកំណត់យកថ្ងៃទី២៧ ខែមិថុនា សម្រាប់ប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ​ តូច​ និង មធ្យម គឺជាការបង្ហាញអំពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការរួមចំណែកសម្រេចបាននូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០» និងការធានាបាន នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមការអនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ, ក៏ដូចជាការ​រួមចំណែកសម្រេចបាននូវ «ផែនសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥»

អគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្តថា «ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ, តូច, និង មធ្យម ​លើកទី១ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើសហគ្រាសធុនមីក្រូ, តូច, និង មធ្យម, ដែលជាកម្លាំងចលករ, ជាក្បាលម៉ាស៊ីន និង ជាឆ្អឹងខ្នងនៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការរៀបចំទិវាជាតិនេះ ជាទៀងទាត់រៀងរាល់ឆ្នាំ និងសូមលើកទឹកចិត្ត ឲ្យមានការ​ចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់»

​​ក្នុងសារលិខិតអបអរសាទរ ​ការប្រារព្ធទិវានេះជាលើកដំបូង សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

សម្តេចធិបតីបន្ថែមថា ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ និងសូមលើកទឹកចិត្ដឱ្យគ្រប់សហគ្រាស និងតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្ត និងភាពទាក់ទាញដល់ការបង្កើន និងការពង្រីកវិនិយោគបន្ថែម។

សម្តេចធិបតីលើកឡើងផងដែថា សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ន និងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។ ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួន ឱ្យកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងឆាកតំបន់ និងអន្តរជាតិ។​

​យោងតាមរបាយការណ៍​ជំរឿនសេដ្ឋកិច្ច នៅ​កម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋានមានកម្លាំងពលកម្មសរុប ២,៩៨លាននាក់ក្នុងនោះស្រ្តីមាន ១,៨​លាននាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូចនិងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០%៕