(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។

ការបញ្ជាក់របស់ សម្តេចធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស លោកនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ជាមួយគ្នានេះសម្តេចធិបតី និងលោករដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុលរវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សម្តេចធិបតី និងលោករដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីន ជាដើម ៕