(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អ្នកជក់បារីភាគច្រើន ជាអ្នកដែលមានកម្រិតជីវភាពទាប នៅពេលដែលការដំឡើងពន្ធបារីកាន់តែខ្ពស់ បារីមានតម្លៃកាន់តែថ្លៃ នឹងធ្វើឱ្យអ្នកជក់បារី អាចកាត់បន្ថយបានដោយស្វ័យប្រវត្តិ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី នៅក្នុងវេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់ ដោយមានការចូលរួមពី លោក សោម ចិន អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកវេជ្ជ. មុំ គង់ យកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងមានសិស្ស និស្សិតចូលរួមជាច្រើនទៀតផងដែរ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងដូចនេះថា «ចំណុចមួយទៀត ដែលយើងត្រូវពិចារណាទាំងអស់គ្នា ដោយយើងត្រូវបង្កើនពន្ធ ពីព្រោះអ្នកជក់បារី ដែលជាបញ្ញាវន្តមានតិចណាស់ តែអ្នកជក់បារីភាគច្រើន ជាអ្នកដែលមានជីវភាពទាប ហើយកាលណាបារីកាន់តែមានតម្លៃខ្ពស់ គាត់គ្មានលុយទិញ គាត់នឹងកាត់បន្ថយដោយស្វ័យប្រវត្តិ [..] ត្រូវដាក់រូបខូចសួត ខូចបេះដូង និងបញ្ហាផ្សេងៗនៅលើកញ្ចប់បារី និងនៅកន្លែងលក់បារី ដើម្បីឱ្យអ្នកជក់គ្រាន់តែឃើញគិតថា កំពុងតែដុតបំផ្លាញខ្លួនឯង»

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងទៀតថា អ្នកជក់បារីបានបំផ្លាញដូចជា បំផ្លាញសុខភាពខ្លួនឯង បំផ្លាញសង្គមគ្រួសារ បំផ្លាញប្រទេសជាតិ, នៅពេលដែលស្លាប់ដោយសារបារី បានធ្វើឱ្យកំព្រាកូន ប្រពន្ធបាត់ប្តី ប្តីបាត់ប្រពន្ធ និងចំណុចមួយទៀតនោះ គឺបំផ្លាញដល់សង្គម។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ទៀតថា ការជក់បារីបានបង្ករបញ្ហាចំនួនដូចជា បណ្តាលឱ្យកើតមានបញ្ហាតានតឹងចិត្ត (stress), បង្ករការរំខានដល់អ្នកដ៏ទៃ, បង្ករចិញ្ចឹមជំងឺនៅក្នុងខ្លួន, បង្ករឱ្យកើតមានជំងឺទឹកនោមផ្អែម, បណ្តាលឱ្យកើតជំងឺមហារីក, បណ្តាលឱ្យមានបញ្ហាជំងឺបេះដូង និងជំងឺផ្សេងៗទៀតជាច្រើនផងដែរ។

បណ្ឌិត សុខ ទូច បានបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយការជក់បារី យើងត្រូវនាំគ្នាឱ្យតម្លៃទៅលើអ្នកជក់បារីឱ្យបានកាន់ទាប ហើយរាល់ការជក់បារីខុសសណ្តាប់ធ្នាប់ត្រូវតែមានការផាកពិន័យឱ្យបានតឹងរឹង ដើម្បីឱ្យអ្នកជក់បារីត្រូវតែមានសណ្តាប់ធ្នាប់ និងត្រូវយកច្បាប់មកអនុវត្តន៍លើអ្នកជក់បារីដែលគ្មានសណ្តាប់ធ្នាប់។

លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ការដំឡើងអាករពិសេសលើបារីប្រកបដោយប្រសិទ្ធភាព ត្រូវតែធ្វើឱ្យតម្លៃបារីមានកំរិតខ្ពស់ ដើម្បីធ្វើឱ្យលទ្ធភាពទិញមានការលំបាក ទើបអាចទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា យោងតាមគោលការណ៍ Incentives នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ការយកអាករពិសេសលើបារីខ្ពស់ ធ្វើឱ្យថ្លៃបារីមានការកើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់បារី សម្រាប់ក្រុមជនងាយរងគ្រោះ មានប្រាក់ចំណូលទាប និងអាចធ្វើឱ្យប្រសើរឡើង នូវសុខភាពសាធារណៈ ដែលរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល លើវិស័យសុខភាពសាធារណៈទៅពេលអនាគតផងដែរ៕