(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា។

ក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ថាំង ជេគី លី បានអរគុណចំពោះអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការទាំងអស់ ដែលបានផ្ដល់ពេលវេលាអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលដែលរូបលោកត្រូវបានបញ្ចប់អាណត្តិការទូតយោធារយៈពេល ៣ឆ្នាំនៅកម្ពុជា។

លោកវរសេនីយ៍ឯក ថាំង ជេគី លី ក៏បានលើកឡើងពីសកម្មភាពទាំងឡាយនៃកិច្ចសហប្រត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជា ដែលធ្លាប់មានកន្លងមក ហើយនៅក្នុងចុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ តាមរយៈនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិកនៅកម្ពុជា បានធ្វើឱ្យប្រទេសទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀតជាពិសេសលើផ្នែកជំនាញដោះមីន ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណអនុព័ន្ធយោធាសហរដ្ឋអាមេរិក និងសហការី ដែលក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ បានបំពេញតួនាទីរបស់ខ្លួនក្នុងការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងអាមេរិក បានយ៉ាងល្អ ពិសេសលើការជួយបណ្ដុះបណ្ដាលកងកម្លាំងដោះមីនកម្ពុជា ឱ្យមានជំនាញពិតប្រាកដ ដែលអាចបម្រើឱ្យការចូលរួមសកម្មភាពជាកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជួយដល់បណ្ដាប្រទេសដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល។

តាមរយៈនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក នៅកម្ពុជាកន្លងមក, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តរីកចម្រើនទៅទៀ។

នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន តាមរយៈការបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកងទ័ពសហរដ្ឋអាមេរិកនៅកម្ពុជា ការផ្ដល់ជំនួយ ក៏ដូចជាសកម្មភាពនានារបស់អាមេរិក ជួយដល់កងយោធពលខេមរភូមិន្ទ ហើយនេះបានបង្ហាញច្បាស់ពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែខិតជិតគ្នា និងកាន់តែមានភាពជិតស្និទ្ធ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអរគុណសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់បើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើផ្នែកជំនាញសន្តិសុខ និងភាសាអង់គ្លេស ហើយកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមដែលនៅសេសសល់លើកទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក ហើយជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃខាងមុខលោកអនុព័ន្ធយោធាថ្មីរបស់អាមេរិក និងបន្តកិច្ចការពង្រឹងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរនឹងត្រូវបានលើកកម្ពស់បន្ថែមទៀត៕