(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសឲ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលហៅកាត់ថា ក្របខណ្ឌ អ.ឧ.ប.ព ក្រោមអធិបតីភាពលោក ជុន វ៉ាត រដ្ឋលេខាធិការតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួមជាកិត្តិយសដោយ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យ ប្រចាំទីក្រុងភ្នំពេញ និងមានអ្នកចូលរួម ជាតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួន៣៧៩នាក់។

ការរៀបចំក្របខណ្ឌសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺជាការអនុវត្តវិធានការគន្លឹះ ស្របតាមការចង្អុលបង្ហាញ នៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះ ពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា «ពលរដ្ឋឌីជីថល» ជាសសរស្ដម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្ម ឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។

ការរៀបចំក្របខណ្ឌនេះ ធ្វើឡើងក្នុងគោលបំណង ១៖ ផ្ដល់នូវចក្ខុវិស័យច្បាស់លាស់ ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា, ២៖ ជំរុញការលើកកម្ពស់ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក, ៣៖ ផ្ដល់មូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សាសមស្រប តាមតម្រូវការ និងស្ថានភាពជាក់ស្ដែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា។

ក្របខណ្ឌ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានកំណត់ថា ពលរដ្ឋឌីជីថលនៅកម្ពុជាគួរមានសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ៨ផ្នែក និងមានចំណេះដឹង ឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះ ទើបគេអាចប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធិភាព និងសុវត្ថិភាព។

លោក ជុន វ៉ាត បានថ្លែងថា «យើងមានគោលដៅធ្វើយ៉ាងណាឲ្យអត្រាប្រជាពលរដ្ឋកម្ពុជា មានកម្រិតអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មូលដ្ឋាន កើនដល់ ៥០% ក្នុងឆ្នាំ២០៣០។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​​​បានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ហើយនិងជំនាញឌីជីថលជាបន្ត នឹងប្រើប្រាស់មជ្ឈមណ្ឌលនេះ ផ្សារភ្ជាប់ជាមួយកម្មវិធីលើកកម្ពស់កម្រិតអក្ខរកម្មបន្ទាប់ទៀត»

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងថា «ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងយូណេស្កូ បានសហការរៀបចំ និងប្រកាសឲ្យប្រើប្រាស់ក្របខណ្ឌនេះ ក្នុងការរៀបចំការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលប្រជាពលរដ្ឋ»

លោកបានបន្ដទៀតថា ក្រៅពីនេះ យើងគួរទាញយកប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានស្រាប់ បង្កើនប្រសិទ្ធភាព គម្រោងបានអនុវត្តកន្លងមក ដោយប្រតិបត្តិករទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីបន្តអភិវឌ្ឍយុវជន ជនមានពិការភាព ជនជាតិភាគតិច និងប្រែក្លាយពួកគេជា «ពលរដ្ឋឌីជីថល»

កិច្ចសហការរួមគ្នា ក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ឲ្យមានជំនាញ នឹងចំណេះដឹងខាងផ្នែកឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន មានសារៈសំខាន់ក្នុងធានាថា ពួកគេអាចចូលរួមក្នុងដំណើរវិវត្ត នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ យូណេស្កូប្តេជ្ញាចិត្ត នឹងបន្តធ្វើការជាមួយដៃគូរពាក់ព័ន្ធទាំងអស់នៅក្នុងយុទ្ធនាការថ្នាក់ជាតិ និងការបណ្តុះបណ្តាលសមត្ថភាព រួមទាំងការសាកល្បងវិធីសាស្ត្រវាយតម្លៃក្រមសីលធម៌បញ្ញាសិប្បនិម្មិតដែរ។

លោកស្រី Camila Ottosson អគ្គទីប្រឹក្សា និងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ បានថ្លែងថា «ដំណើរការរៀបចំក្របខណ្ឌអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននេះ បានគិតគូរពីបញ្ហាបរិយាបន្ន និងសិទ្ធមនុស្ស បានធានាថា ប្រជាពលរដ្ឋគ្រប់រូប មាននូវជំនាញ និងចំណេះដឹងប្រកបដោយប្រសិទ្ធិភាព និងការត្រិះរិះពិចារណានៅពេលគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ»