(កាលីហ្វញ៉ា)៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។

តាមរយៈវីដេអូ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានប្រកាសយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែររស់នៅ California សហរដ្ឋអាមេរិក ដែលមានឯកឧត្តម កែវ វន្នី ជាប្រធាន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ»។

គម្រោង «ព្រែកជីកហ្វូណនតេជោ» នេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួនបួន រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ គម្រោងនេះនឹងផ្តល់ឧត្តមប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនកម្ពុជា មានជាអាទិ៍ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយផ្លូវ បង្កើនភាពសំបូរបែបក្នុងវិស័យគមនាគមន៍ កាត់បន្ថយការកកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។

មិនតែប៉ុណ្ណោះគម្រោងនេះនឹងជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា… ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត។ ឧត្តមប្រយោជន៍ដ៏ធំធេងខាងលើនេះបានឆ្លុះបញ្ចាំងឱ្យឃើញជាក់ច្បាស់ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងបម្រើផលប្រយោជន៍ដ៏មហិមា ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ពិតជាមានមោទនភាពនិងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមនិងភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យបានសម្រេច៕