(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង ដែលរស់នៅអាស្រ័យផលទាំងស្រុងលើការនេសាទត្រី ដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃ ប៉ុន្ដែដោយសារគ្រោះមហន្ដរាយធម្មជាតិ និងបញ្ហាប្រឈមនានា បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខរបរចិញ្ចឹមជីវិត ដែលបណ្ដាលឱ្យប្រជាពលរដ្ឋប្រមាណ ៦៥៨គ្រួសារ ជួបនឹងការខ្វះខាតយ៉ាងខ្លាំង ខ្លះរហូតដល់រកតែអង្ករដាំបាយហូបមិនបាន។

ប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេនោះ គឺចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកកើតជំងឺអេដស៍ជាដើម ដែលបានមកពីភូមិចំនួន ៣ផ្សេងៗគ្នាគឺ៖ ភូមិឆ្នុកទ្រូ ៣០០គ្រួសារ, ភូមិកំពង់ព្រះ ១៨០គ្រួសារ , ភូមិសេះស្លាប់ ១៧៨គ្រួសារ។

ដោយបានឃើញពីភាពក្រខ្សត់លំបាកវេទនាទាំងនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារ និងថវិកាមួយចំនួន មកផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៦៥៨គ្រួសារ ដែលធ្វើឡើងក្រោមវត្ដមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីមួយជាច្រើនទៀត ។ពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ គឺបានប្រពឹត្ដទៅនៅវត្តកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង។

ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋខាងលើនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការសោកស្ដាយ និងភាពអាណិតអាសូរជាខ្លាំង ចំពោះប្រជាពលរដ្ឋដែលបានជួបនឹងការលំបាកខ្វះខាតនេះ និងបានណែនាំ និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ត្រូវចេះរៀនរស់ឱ្យកាន់តែភាពល្អប្រសើរ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ។

លើសពីនោះលោកស្រី ពុំ ចន្ទីនី ក៏បានបន្ដថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែគិតគូរខ្វល់ខ្វាយ និងយកចិត្ដទុកដាក់ខ្ពស់ ពីសុខទុក្ខប្រជារាស្ដ្រគ្រប់ៗរូប។ ជាក់ស្ដែងដូចថ្ងៃនេះ គឺបាននាំយកនូវស្បៀងឧភោគបរិភោគ និងថវិកាមួយចំនួន ជួយសម្រាលការលំបាកដល់ប្រជាជនយើង។ ក្រៅពីផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកជាពន់ពេក។

ជាមួយគ្នានោះប្រជាពលរដ្ឋដែលបានមកទទួលផលពីកាកបាទក្រហមកម្ពុជា បានសម្ដែងការសប្បាយរីករាយលាយឡំដោយទឹកភ្នែក ថ្លែងអំណរព្រះរាជគុណ និងសូមអរគុណដល់ សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែខ្វល់ខ្វាយ យកចិត្ដទុកដាក់ពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា បើគិតចាប់ត្រឹម ៦ខែដើមឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២១៧គ្រួសារ ដែលបានរងផលប៉ះពាល់ដោយគ្រោះមហន្ដរាយធម្មជាតិ ខ្យល់កន្ត្រាក់ចំនួន ២០គ្រួសារ, អគ្គីភ័យ ១១គ្រួសារ, លង់ទឹកស្លាប់ ១១នាក់, កម្មករគ្រោះថ្នាក់ចរាចរណ៍ ៦៤គ្រួសារ, រងគ្រោះផ្ទុះគ្រាប់បែក ៤នាក់, ស្ត្រីសម្រាលកូន និងស្ត្រី កូនតូច ៤៣នាក់, ចាស់ជរាគ្មានទីពឹង ៤៩គ្រួសារ, ជនពិការ១នាក់, ចូលរួមបុណ្យសពគ្រួសារក្រីក្រ ១១គ្រួសារ កុមារកំព្រា៣នាក់ និងពុលអាហារចំនួន ៥នាក់ ។គ្រួសាររងគ្រោះទាំងនេះ គឺបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល ចំនួន ៣៦គ្រួសារ, អំណាយសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ឆ្នាំ ចំនួន ៧៤គ្រួសារ និងអនុសាខាក្រុង-ស្រុក ចំនួន ១០៧គ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ដកំពង់ឆ្នាំង៕