(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការអភិវឌ្ឍគ្រប់មុខព្រួញ ដែលក្នុងនោះវិស័យអប់រំជា កត្តាលីករក្នុងការជម្រុញចំណេះដឹង បច្ចេកវិទ្យា និងជាកិច្ចការអទិភាព ជាធនធានដ៏សំខាន់ដើម្បីជម្រុញដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។
លោក ចាប ឌីណា បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់ លោកនាយក លោកនាយករង លោកស្រីនាយិកា នាយិការង និងលោកគ្រូ អ្នកគ្រូ ចំណាត់ថ្នាក់គ្រូល្អ-គំរូ ដល់សាលាបឋមសិក្សាចំនួន ៧ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ក្នុងនាមលោក ជា ខេមា, លោក ចាប ឌីណា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់លោក លោកស្រីនាយក នាយិកា សាលាបឋមសិក្សាទាំង៧ ក្នុងខណ្ឌដូនពេញ ដែលទទួលបានជ័យលាភីជាសាលាគំរូស្តង់ដា បើទោះបីសាលាខ្លះមិនទាន់បានល្អក៏ដោយ ទាំងនេះគឺផុសចេញពីគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែងរបស់ លោកគ្រូ អ្នកគ្រូគ្រប់សមាសភាព តាំងពីចំណុចចាប់ផ្តើម រហូតដល់លេចចេញជាផ្លែផ្កានាពេលបច្ចុប្បន្ននេះ។
លោក ចាប ឌីណា បានបន្ថែមថា សម័យកាលមានការផ្លាស់ប្តូរ ស្របតាមបច្ចេកវិទ្យារបស់ពិភពលោកដែលយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មិនត្រូវមើលរំលង ដើម្បីយកមកបណ្តុះបណ្តាលដល់កូនៗ ដែលជាសសរទ្រូងប្រទេសជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ការងារគ្រឿងញៀន ក្មេងទំនើង របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសាលារៀន វត្តអារាម ក្នុងមូលដ្ឋាន ត្រូវលុបបំបាត់ឲ្យអស់ ព្រោះអ្នកណាៗ ក៍ត្រូវការសន្តិសុខ សុវត្ថិភាពដែរ។
បន្ថែមពីលោក ចាប ឌីណា បានអំពាវនាវដល់លោក លោកស្រីនាយក នាយិកាសាលា មេត្តាយកចិត្តទកដាក់បណ្តុះបណ្តាលកូនៗឲ្យមានអនាគតល្អ ចេះគោរពចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់ ចេះថែរក្សាអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ អរិយធម៌ ដែលបុព្វបរសខ្មែរបានបន្សល់ទុក។ ទាំងនេះគឺពឹងផ្អែកទាំងស្រុងដល់លោកលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២របស់កូនៗ៕