(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា គ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហានេះ។ លោកអភិបាលខេត្តបាន លើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អភិបាលខេត្ត បានចាត់ទុកថា «យើងបានស្ដាប់ទាំងអស់គ្នា ហើយនូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលបំណងបន្តបំផុស ដាស់តឿនប្រជាពលរដ្ឋទូទៅ ពិសេសយុវជន យុវនារី បងប្អូនកម្មករ កម្មការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយចាត់ទូក បញ្ហាគ្រឿងញៀន ជាបញ្ហារួមនឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនៈវិស័យ (ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏គ្មានគ្រឿងញៀន)»

លោកអភិបាលខេត្តបានបន្តទៀតថា ដើម្បីឈានទៅលុបបំបាត់ការផ្គត់ផ្គងគ្រឿងញៀនខុសច្បាប់ ការលុបបំបាត់ គ្រោះថ្នាក់ដែលពាក់ព័ន្ធនិងការប្រើប្រាស់ គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងជាប់ជាប្រចាំ ពិសេសទៀត ដើម្បីឈានទៅសម្រេចបាននូវគោលដៅ អនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក៏ដូចជាការកសាងបាននូវសហគមន៍ និងជីវភាពសង្គមគ្មានគ្រឿងញៀន ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការចាប់ផ្តើម សំអាតផ្ទះខ្លួនឯងឱ្យស្អាតជាមុន នៅទូទាំងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញ នូវវិធានការណ៍ដោយចាប់ផ្តើមពីពេលនេះ ទីកន្លែងនេះដូចតទៅ៖

*ទី១៖ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវប្រើប្រាស់នូវវិធានការណ៍ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈវេទិកានានា ពិសេស វេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថភាព។ ត្រូវតាមដាន និងគ្រប់គ្រងឲ្យបានមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ដែលមាននៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬចាត់វិធានការណ៍ បង្ក្រាបឲ្យខាងតែបានតាមដីកា តុលាការ។ ត្រូវកសាងឯកសារឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា ស្នើសុំដីកាតុលាការដើម្បី បង្ក្រាបមុខសញ្ញាទាំងនេះ ឲ្យអស់ពីក្នុងមូលដ្ឋាន និងសហគមន៍។

*ទី២៖ សម្រាប់អាជ្ញាធរភូមិឃុំស្រុក ត្រូវចូលរួមឱ្យបានសកម្ម ជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសសូមចលនាប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនេះ ឲ្យបានច្រើនកុះករ។

*ទី៣៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ទៅដល់សមត្ថកិច្ចក្នុងការបំពេញនិតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយចូលរួមសហការក្នុងនាមជាពលរដ្ឋល្អ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែងជាដាច់ខាតចំពោះករណីល្មើសមួយនេះ។ ផ្ទុយទៅវិញ លោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ៕