(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យមាតា បិតា អាណាព្យាបាល ដែលមានសមាជិកគ្រួសារជាអ្នកញៀនគ្រឿងញៀន ត្រូវក្លាហានហ៊ានបញ្ជូនទៅទទួលសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិសន្យាប ពីព្រោះនេះជាវិធីតែល្អបំផុតដើម្បីឱ្យពួកគាត់អាចធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងឱកាសដែលោករួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងឱកាសអញ្ជើញរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។

ពិធីនេះមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន កម្មករ កម្មការិនី អង្គការជាតិ អន្តរជាតិ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដែលមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន កម្មករ កម្មការិនី អង្គការជាតិ អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងត្រូវចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»

បើតាមលោក គួច ចំរើន ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជនចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបាបានទូលំទូលាយប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។

ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំង នៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយសម្រាប់ទទួលបាន ការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ជាតិ នឹងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀន។ លើសពីនេះកម្មវិធីទូរស័ព្ទដៃ No​ Drug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភជូនយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក សិស្សអាហារូបករណ៍សម្តេចតេជោ ក្រុមយុវជនស្រឡាញ់សន្តិភាពសរុបចំនួន ១៥០នាក់ និងសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ដោយឡែកក្រុមសិស្សចូលរួមសំដែង ៣លានរៀលផងដែរ៕