(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលនូវសមិទ្ធផលថ្មី គឺផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៤០ម៉ែត្រ ទន្ទឹង ៦ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ កន្លងមកផ្លូវនេះលំបាកធ្វើ ចរាចរណ៍ដោយសារផ្លូវកៅស៊ូចាស់ ខូច ជង្ហុកទឹកដក់ និងបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរដែលបង្កដោយសារទឹកជំនន់នាពេលកន្លងមក ជាពិសេសបណ្តាលឱ្យបាត់បង់សោភ័ណភាពក្នុងក្រុង។

ជាមួយគ្នានេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ថា៖ «បញ្ហាប្រឈមទាំងនេះអាជ្ញាធរខេត្តក្រុង បានឯកភាពគ្នាផ្លាស់ប្តូរយុទ្ធសាស្ត្រ ធ្វើផ្លូវពីកៅស៊ូមកជាផ្លូវបេតុងជំនួសវិញ ព្រោះយើងធ្វើបានតិចតែឱ្យមានគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែងនឹងចៀសវាងបានកុំឱ្យខាតថវិកាពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកសោភ័ណភាពខេត្តយើងថែមទៀតផង»។

លោកអភិបាលខេត្ត បានបន្តថា នេះជាជំហរទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងនាមជាអ្នកដឹកនាំព្រោះបានធ្វើការផ្លាស់ប្តូពីផ្លូវកៅស៊ូទៅជាផ្លូវបេតុងហើយប្រជាពលរដ្ឋស្រួលធ្វើដំណើរ និងកាន់តែមានសោភ័ណភាពស្អាតភូមិដ្ឋានក៏ល្អ។

ប្រជាពលរដ្ឋក្នុងភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានផ្លូវបេតុងថ្មី ពីព្រោះបានផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់កូនចៅប្រជាពលរដ្ឋទៅសាលារៀនចៀសផុតពីក្តីព្រួយបារម្ភផ្សេងៗ ក្នុងការធ្វើដំណើរពេលភ្លៀងធំទឹកដក់ពិបាកចៀសគ្នា ជួនពេលខ្លះបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏សូមអំពាវនាវបើមានផ្លូវល្អហើយសូមឱ្យជួយថែរក្សារទាំងអស់គ្នា ព្រោះអាជ្ញាធរធ្លាប់បានណែនាំជារឿយៗរួចមកហើយ ឱ្យចូលរួមសម្អាតបរិស្ថាន បើមិនបានធ្វើតាមទីសាធារណៈ ក៏បានធ្វើនៅជុំវិញផ្ទះរបស់ខ្លួន ជាពិសេសឈប់ចោលសំរាមរាយប៉ាយ និងគោរពច្បាប់ចរាចរណ៍។

ប្រជាពលរដ្ឋបានថ្លែងអរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល និងអភិបាលខេត្តកំពង់ធំដែលតែងតែគិតគូអំពីការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕