(ព្រះសីហនុ)៖ លោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អភិបាលរងស្រុក រួមជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បានចុះទៅដល់ទៅដល់វាលស្រែរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូងរាតត្បាតស្រូវប្រជាពលរដ្ឋក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកកំពង់សិលា។

បើតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានលើកឡើងថា ករណីដង្កូវមូរស្លឹក និងដង្កូវហ្វូង រាតត្បាតស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចុះអន្តរាគមន៍កម្ចាត់ដង្កូវ ដោយទទួលបានលទ្ធផលរួមមានការកំចាត់ដង្កូវមូរស្លឹក ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៤ អន្តរាគមន៍កម្ចាត់បាន១០០ភាគរយ លើផ្ទៃដី ៤០៨ហិកតា ស្មើនឹង ៣៤៧គ្រួសារ ក្នុងស្រុកព្រៃនប់ ដែលមាន៦ ឃុំគឺឃុំជើងគោ ឃុំសំរុង ឃុំវាលរេញ ឃុំអណ្ដូងថ្ម ឃុំទឹកថ្លា និងឃុំសាមគ្គី។

ដោយឡែកសម្រាប់ការកម្ចាត់ ដង្កូវហ្វូង ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមិថុនា ឆ្នាំ២០២៤ អន្តរាគមន៍កម្ចាត់បាន១០០ភាគរយ លើផ្ទៃដី៧០ហិកតា ស្មើនឹង ២៨គ្រួសារ ក្នុងស្រុកកំពង់សីលា និងស្រុកព្រៃនប់ ហើយចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែមិថុនា ឆ្នាំ២០២៤ បាននឹងកំពុងបន្តអន្តរាគមន៍កម្ចាត់ លើផ្ទៃដី ១០៨ហិកតា ស្មើនឹង ១៦០គ្រួសារ ក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា។

ប្រធានមន្ទីរបានបន្ថែមថា ដោយមានការគាំទ្រពីក្រសួងកសិកម្ម អាជ្ញាធរខេត្ត បានចាត់ឱ្យមន្ទីរកសិកម្ម ចុះអន្តរាគមន៍កម្ចាត់ដង្កូវបំផ្លាញដំណាំកសិផលរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលមានបញ្ហាដោយសត្វបំផ្លាញសូមទាក់ទងមកអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ដើម្បីផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញមន្ទីរកសិកម្មចុះអន្តរាគមន៍ បានទាន់ពេលវេលាព្រោះមន្ទីរមានសម្ភារថ្នាំកម្ចាត់សត្វល្អិត គ្រប់គ្រាន់ក្នុងការជួយអន្តរាគមន៍ពេលបងប្អូនជួបនូវបញ្ហា៕