(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំងលោក Jacques Chirac ត្រូវបានរថយន្តសង្គ្រោះបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីអការៈរោគសួតរបស់លោក បានធ្វើទុក្ខ យ៉ាងខ្លាំង។ នេះបើតាមការថ្លែងរបស់លោក Frederic Salat-Baroux កូនប្រសារប្រុសរបស់ លោក Chirac ដែល CNN ដកស្រង់សម្តីនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ។
តាមការអះអាងខាងលើនេះ បានឲ្យដឹងទៀតថា លោក Chirac ត្រូវបានគ្រូពេទ្យណែនាំឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងប៉ារីស យ៉ាងហោចណាស់ក៏ពីរទៅបីថ្ងៃសិនដែរ ដើម្បីត្រួតពិនិត្យមើលអការៈរោគរបស់លោកជាបន្តទៀត មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅកាន់ លំនៅឋានវិញ ខណៈដែលលោកមានវ័យ ៨៣ឆ្នាំទៅហើយនោះ។
គួរបញ្ជាក់ថា លោក Chirac បានកាន់តំណែងជាប្រធានាធិបតីបារាំងពីចន្លោះឆ្នាំ ១៩៩៥ ដល់ ២០០៧។ លោកបានសាងភាពល្បីល្បាញពាសពេញពិភពលោក កាលពីដើមសតវត្សរ៍ថ្មីនេះ តាមរយៈការប្រឆាំងចំពោះសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ នៅឆ្នាំ២០០៣ ស្របពេលដែល សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ជាអ្នកចូលរួមយ៉ាងសកម្មបំផុត៕