(ពោធិ៍សាត់)៖ លោក ទេព សិទ្ធាន ប្រធានសហគមន៍អភិរក្សព្រៃឈើអូរបាក់ត្រា​ នៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ បានឱ្យដឹងថា សហគមន៍អូរបាក់ត្រា មានផ្ទៃជាង ៨៤៨ហិកតា និងមានប្រពលរដ្ឋ ៥៥៧គ្រួសារ។ ព្រៃឈើនៅក្នុងសហគមន៍មានការប្រែប្រួលជាខ្លាំង មានន័យថាបើក្រឡេកទៅមើលមុនឆ្នាំ១៩៩៩ ព្រៃឈើត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង តែបច្ចុប្បន្ននេះ ព្រៃឈើត្រូវបានអភិរក្ស និងការពាររហូតក្លាយជាព្រៃមេពូជ។

ប្រធានសហគមន៍រូបនេះ បានរំលឹកថា ព្រៃឈើនៅសហគមន៍អូរបាក់ត្រា ពីអតីកាលគ្រាន់តែចងអង្រឹងក៏មិនបានផង ដោយសារតែដើមឈើតូចៗ ដែលសេសសល់ពីការកាប់បំផ្លាញ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថ្មីៗនេះ លោក សន្ធាន បានឱ្យដឹងថា៖ «ពីមុនពីឆ្នាំ១៩៩៩ ហ្នឹងសភាពព្រៃ ជាព្រៃឈើរីករិល រហូតក្រោយឆ្នាំ១៩៩៩ ប្រជាពលរដ្ឋ អាជ្ញាធរ ក៏ដូចជារដ្ឋបាលព្រៃឈើបានរៀបចំសហគមន៍ព្រៃឈើអូរបាក់ត្រា នៅឆ្នាំ១៩៩៩ រហូតមកដល់អីឡូវនេះឈើបានលូតលាស់ច្រើនហើយបានក្លាយជាឈើមេពូជ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់សហគមន៍»

ជាមួយនឹងកិច្ចខិតខំអភិរក្សព្រៃឈើឱ្យមានចំនួនច្រើននេះ, លោក សិន្ធាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍របស់សម្បូរដោយវត្តមសត្វព្រៃរួមមាន ប្រើស, ទន្សោង, ឈ្លូស ជ្រូកព្រៃ ព្រមទាំងសត្វព្រៃផ្សេងៗទៀតជាដើម។

លោកបានបន្តថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិយមបរបាញ់សត្វព្រៃ និងដាក់អន្ទាក់ ប៉ុន្តែ តាមរយៈការផ្សព្វផ្សាយពីសារៈសំខាន់នៃសត្វព្រៃរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសយុទ្ធនាការអន្ទាក់សូន្យ ដែលដាក់ចេញដោយក្រសួងបរិស្ថាន បានចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋ ដោយពួកគាត់បានបញ្ឈប់សកម្មភាពទាំងនេះ ងាកមកចូលរួមអភិរក្សសត្វព្រៃ ដើម្បីផ្តល់ជាប្រយោជន៍សម្រាប់មូលដ្ឋានជាដើម។

ប្រធានសហគមន៍អភិរក្សព្រៃឈើអូរបាក់ត្រា បានបន្ថែមថា៖ «បច្ចុប្បន្ននេះ គឺមិនមានការកាប់អន្ទ្រាន់ព្រៃឈើ ដើម្បីយកដីធ្លីនោះទេ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹង និងមានការបោះបង្គោលព្រំសហគមន៍បានត្រឹមត្រូវ ហើយសហគមន៍មានផែនការគ្រប់គ្រងច្បាស់លាស់ ព្រមទាំងផ្សព្វផ្សាយពីសារៈសំខា់នៃព្រៃឈើដល់ដៃប្រជាពលរដ្ឋ»

សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អូរបាក់ត្រា គឺពួកគាត់រកស៉ីចិញ្ចឹមជីវិតជាមួយនឹងការប្រមូលអនុផលព្រៃឈើ តាមរដូវ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ក្រៅពីការរស់នៅជាមួយនឹងការប្រមូលអនុផលព្រៃឈើនេះ សហគមន៍ក៏បានបង្កើតជាកន្លែងទេសចរណ៍លំហែរតាមបែបធម្មជាតិផងដែរ ខណៈសហគមន៍មានតំបន់សក្តានុពលទេសចរណ៍ចំនួន៨ទីតាំង សម្រាប់ទាក់ទាញចិត្តភ្ញៀវទេសចរ។

លោក ទេព សិន្ធាន បានបញ្ជាក់ថា សម្រាប់ទីតាំងសក្តានុពលទាំង៨ទីតាំងរួមមាន៖ កន្លែងគោរពបូជាបែបសាសន៍, ទីតាំងស្នាក់ការដាំដំណាំកសិរុក្ខាកម្មបង្ហាញ, រូងសត្វប្រចៀវមានចំនួន២កន្លែង ដែលមានសត្វប្រចៀវរាប់ម៉ឺនក្បាល, ការបង្ហាញអណ្តូងជ្រោះជ្រៅ, អណ្តូងសច្ចាំង, អណ្តូងដារដំរីលុកជាដើម៕