(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ​​ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៤ របស់នាយកដ្ឋានអង្គរក្ស។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានអង្គរក្ស បានសង្កត់ធ្ងន់លើការងារចំនួន៤ចំណុច៖

* ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ដែលមានដូចជា ការគ្រងឯកសណ្ឋាន គោរពម៉ោងបំពេញការងារ និងគោរពឋានានុក្រមឲ្យបានត្រឹមត្រូវ
* ការងារគ្រប់គ្រងសម្ភារបច្ចេកទេស មធ្យោបាយ និងអាវុធ
* ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានកាន់តែល្អប្រសើរ
* បង្កើតវគ្គបណ្ដុះបណ្ដាល​ជំនាញផ្សេងៗ ក្នុងក្របខណ្ឌផ្ទៃក្នុង ទៅដល់មន្ដ្រីចំណុះនាយកដ្ឋានអង្គរក្ស ដើម្បីពង្រឹងសមត្ថភាព។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានសម្ដែងការកោតសរសើរ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចកន្លងមករបស់មន្ដ្រី នៅតាមបណ្ដាការិយាល័យ-អង្គភាព ដោយទទួលបានជោគជ័យជាបន្ដបន្ទាប់ និងស្នើឲ្យមន្ដ្រីតាមបណ្ដាការិយាល័យ-អង្គភាព​បន្ដ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួនចាំទទួលបទបញ្ជា ក៏ដូចជាការងារដែលថ្នាក់ដឹកនាំប្រគល់ជូន៕