(ភ្នំពេញ)៖ សាលានាយទាហានកងទ័ពជើងអាកាស សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមយោធាកងទ័ពជើងអាកាសកម្ពុជា ចំនួន៩រូប ក្នុងនោះមានសិក្ខាកាមចំនួន៥រូប បណ្ដុះបណ្ដាលលើជំនាយបច្ចេកទេសជួសជុលតួម៉ាស៉ីន និង៤រូបទៀត បណ្ដុះបណ្ដាលលើជំនាយបច្ចេកទេសជួសជុលវិទ្យុទាក់ទង (Rada) លើប្រភេទឧទ្ធម្ភាគចក្រ Mi-8 ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសជួលជុលឧទ្ធម្ភាគចក្រនេះផងដែរ សិក្ខាកាមយោធាកម្ពុជា បានទទួលការហ្វឹកហ្វឺន បណ្ដុះបណ្ដាលទៅលើផ្នែកទ្រឹស្ដីអាកាសចរ ទ្រឹស្ដីបច្ចេកទេស និងអនុវត្តជួលជុលជាក់ស្ដែងពាក់ព័ន្ធទៅលើគ្រឿងបង្គុំតួ និងម៉ាស៉ីនយន្តហោះ ម៉ាស៉ីនវាស់កម្ពស់ ម៉ាស៉ីនទាក់ទងរវាងយន្តហោះជាមួយអ្នកនាំផ្លូវអាកាស និងមុខជំនាញសំខាន់ៗមួយចំនួនទៀត និងលើឧបករណ៍ គ្រឿងបំពាក់ផ្សេងទៀតនៅលើយន្តហោះ ទទួលបានការណែនាំបង្ហាត់បង្រៀនរបស់គ្រូដែលមានជំនាញ។

ការបញ្ចប់ការសិក្សាលើជំនាញបច្ចេកទេសជួសជុលយន្តហោះរបស់សិក្ខាកាមយោធាកម្ពុជានេះ គឺដើម្បីពង្រឹង នូវវិស័យការពារជាតិនិយាយជារួម និងបង្កើនសមត្ថភាពដ៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងធនធានមនុស្ស ចម្រើឲ្យវិស័យកងទ័ពជើងអាកាស ឲ្យមានការចម្រើនជាលំដាប់ និងនិយាយដោយឡែក ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ជំរុញនិងអភិវឌ្ឍន៍វិស័យការពារជាតិអោយមានការរីកចម្រើន។

តំណាងសិក្ខាកាមទាំង៩រូប បានថ្លែងអំរណគុណដល់ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងអាស ដែលបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំវិស័យកងទ័ពជើងអាកាសកន្លងមក និងមានការរីកចម្រើនបន្តបន្ទាប់ជាលំដាប់៕