(ពោធិ៍សាត់)៖ ថ្មីៗកន្លងទៅនេះ ការកាប់ទន្ទ្រានព្រៃយកដីដែលមាន ទំហំច្រើនសន្ធឹកសន្ធាប់ ធ្វើកម្មសិទ្ធិរបស់ជនខិលខូច នៅខេត្តពោធិ៍សាត់ ដែលមានទំហំច្រើនសន្ធឹកសន្ធាប់នេះ គេបានធ្វើការវាយតំលៃថា ជាការកាប់ទន្ទ្រានព្រៃយកដី ដោយខុសច្បាប់ជាច្រើន បានកើតឡើងនៅក្នុងតំបន់ហាមឃាត់ របស់រដ្ឋដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំក្រវ៉ាញ ដែនជំរកសត្វព្រៃ និងដីព្រៃបំរ៉ុងអចិន្ត្រៃរបស់រដ្ឋ ត្រូវបានគេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះមន្ត្រីពាក់ព័ន្ធនៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ការ ផ្លូវច្បាប់ណាមួយ ដាក់ការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកអ្នកប្រព្រឹត្តិ មកផ្តន្ទាទោតាមច្បាប់នៅឡើយទេ។
ពលរដ្ឋជនជាតិដើមភាគច្រើន រស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់មន្ទីរបរិស្ថានខេត្ត ដែលជាអាជ្ញាធរទទួលខុសត្រូវ ក្នុងការជំរុញឲ្យមានការអនុវត្តច្បាប់ និងគ្រប់គ្រងព្រៃឈើ សូមយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេះ។
ពលរដ្ឋរាប់រយអ្នកដែលបានចុះ ទៅឃើញហេតុការណ៍នោះ បានលើកឡើងថា កន្លែងដាក់ស្នាក់ការ និងកុងត្រូលត្រួតពិនិត្យ ដែលបង្កើតឡើងដោយអាជ្ញាធរ ដូចជានគរបាល ទាហ៊ាន ក្រុមហ៊ុន ជាពិសេសមន្ត្រីបរិស្ថាន គឺមិនមែន ដើម្បីបញ្ឈប់ ឬរារាំងមិនឲ្យមានការកាប់ទន្ទ្រានព្រៃ យកដីធ្វើកម្មសិទ្ធិរបស់ជនខិលខូចនៅទីនោះទេ។ ផ្ទុយទៅវិញ គឺពួកគេបានដាក់ស្នាក់ការ និងកុងត្រូល ដើម្បីប្រមូលយកលុយពីអ្នកកាប់ទន្ទ្រានព្រៃ យកដីធ្វើកម្មសិទ្ធិឯកជនទាំងនោះទៅវិញ។
ពួកគាត់បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តពោធិ៍សាត់ បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ នៅតំបន់នោះឱ្យមានប្រសិទ្ធភាព ។ ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំក្រវ៉ាញបានបង្ហាញយ៉ាងច្បាស់ថា ព្រៃឈើក្នុងតំបន់ភ្នំក្រវ៉ាញ ត្រូវបានគេកាប់វាលនៅផ្នែកខាងក្នុង ដោយទុកដើមជុំវិញកុំឱ្យមើលឃើញពីក្រៅទៅតែប៉ុណ្ណោះ ឯខាងក្នុងកាប់ឡើងត្រងោល ។
តំបន់ការពារធម្មជាតិមួយចំនួន ជាពិសេសតំបន់ឧទ្យានជាតិ បាននិងកំពុងទទួលរងការគំរាមកំហែង បំផ្លិចបំផ្លាញអនុផលធនធានធម្មជាតិ កាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិ ដែលអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញហាក់ដូច ជាមិនបានបង្ក្រាបឱ្យបានទាន់ពេលវេលា។
យ៉ាងណាក៏ពាក់ព័ន្ធការលើកឡើង នៃការកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិនេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនោះទេ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ៕