(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត បានប្រាប់ភ្នាក់ងារ Fresh Newsថា សមត្ថកិច្ចបានសម្រេចដកហូត កាកសំណល់ប្រេងឆា អំបិល នៅក្នុងទីឃ្លាំងស្តុបឈើរបស់ឈ្មោះ ទឹត ប៊ុនធឿន ហៅតុល ក្រោយពីមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយទីតាំងនេះ មានលួចលាក់ទុកកាកសំណល់ប្រេងឆា ជិត១ម៉ឺនលីត្រ និងអំបិល ជិត៣តោន ក្រោយមានការត្រួតពិនិត្យ ជាក់លាក់ពីមន្ត្រីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ រកឃើញថា កាកសំណល់ប្រេងឆា និងអំបិល ទាំងនេះវាប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។
លោក ហុង លៀង អនុប្រធានសាខាកាំងត្រូលខេត្ត បានប្រាប់ថា កាកសំណល់ប្រេងឆានេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់រួចម្តងហើយ តែត្រូវបានឈ្មួញឈ្មោះ ទឹត ប៊ុនធឿន ប្រមូលទិញពីអាជីវករ តែមិនដឹងថា យកកាកប្រេងឆានេះ ទៅផលិតជាអ្វីឡើយ ។
លោកបន្តថា ដោយឡែកអំបិលគ្រួសវិញ គឺគ្មានសារធាតុអ៊ីយ៉ូត ប្រសិនជាដាក់ផ្សំជាមួយមុខម្ហូបវិញ ធ្វើប៉ះពាល់សុខភាព។
សូមបញ្ជាក់ថា ក្នុងការឆែកឆេរសមត្ថកិច្ចចំរុះ បានរកឃើញឈើចំនួន៩៣ដុំ ប្រហែលជា ៤០ម៉ែត្រគូប និងគល់ថ្នង់ជាច្រើន ដែលប្រតិបត្តិការបង្ក្រាបនេះ ស្ថិតនៅភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ តាំងពីល្ងាចម្សិលមិញ រហូតដល់រសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ មិនទាន់ប្រមូលយកសម្ភារៈអស់ ពីឃ្លាំងខាងលើនេះនៅឡើយ៕