(ឧត្តរមានជ័យ)៖ លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានថ្លែងណែនាំដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងយកសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ នាពេលប្រឡងថ្ងៃខាងមុខនេះ។

ការថ្លែងណែនាំរបស់លោកអភិបាលស្រុកចុងកាល់ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលសិស្ស ដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែនចុងកាល់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

លោក រឹទ្ធី ប៉ាក់ បានថ្លែងប្រាប់សិស្សានុសិស្សពីកាលបរិច្ឆេទនៃការត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ហើយ អ្វីដែលប្អូនៗសិស្សានុសិស្សត្រូវធ្វើនាពេលនេះ រហូតដល់ថ្ងៃប្រឡងនោះ គឺត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទាំងការរៀនជាមួយលោកគ្រូ អ្នកគ្រូ នៅក្នុងសាលារៀន គឺត្រូវរៀនបន្ថែមនៅផ្ទះថែមទៀត និយាយរួមគឺមិត្រូវទុកពេលវេលាឥតប្រយោជន៍នោះទេ។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកចុងកាល់ ក៏បានថ្លែងប្រាប់ទៅកាន់មាតាបិតា ដែលជាអាណាព្យាបាលសិស្សត្រៀមប្រឡងនាពេលខាងមុខនេះ សូមផ្តល់ឱកាសឱ្យកូនៗបានរៀនសូត្រឱ្យបានពេញលេញ ចៀសវាងយកពេលវេលាឱ្យកូនទៅធ្វើកិច្ចការផ្សេងៗ បណ្តាលឱ្យកូនបាត់បង់ពេលវេលានៃការរៀនសូត្រ ពិសេសត្រូវលើកទឹកចិត្តឱ្យកូនខំរៀនចាប់ពីពេលនេះរហូតដល់ថ្ងៃប្រឡង ដើម្បីទទួលបានលទ្ធផលល្អ។

លោក រឹទ្ធី ប៉ាក់ ក៏បានថ្លែងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ដែលមិនទទួលបានលទ្ធផលល្អនៅពេលប្រឡង សូមកុំបាក់ទឹកចិត្តនឹងអស់សង្ឃឹមឱ្យសោះ ផ្ទុយទៅវិញត្រូវរិះរកជំនាញណាមួយពិតប្រាកដដើម្បីប្រកបជីវភាពប្រចាំថ្ងៃនាពេលអនាគត។

លោកបានបញ្ជាក់ថា ការរៀនពូកែគឺល្អហើយសម្រាប់សិស្សានុសិស្ស ប៉ុន្តែការរៀនមិនពូកែ ក៏មិនប្រាកដថាយើងបរាជ័យនៅក្នុងជីវិតនោះដែរ ដូច្នេះត្រូវចាប់ជំនាញ អាជីព ណាមួយឱ្យពិតប្រាកដច្បាស់លាស់។

លោកក៏អំពាវនាវដល់សិស្សានុសិស្សដែលជាយុវជន យុវនារី ទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយជាមនុស្សល្អ យុជនល្អ យុវជនគំរូ ដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត និងមិនត្រូវធ្វើខ្លួនឱ្យក្លាយជាក្មេងទំនើង ដែលច្បាប់កំពុងមានវិធានការអនុវត្តយ៉ាងតឹងរឹង ត្រូវចៀសឱ្យឆ្ងាយនូវល្បែងអបាយមុខផ្សេងៗ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ៕