(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នងទាំងស្រុង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ០៥B ផ្លូវ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបន្តថា ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើរនឹង៤៨ម៉ែត្រគូប និងរថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ (៨ម៉ែត្រ គុណ ២០ម៉ែត្រ) ឆេះខូចខាតខូចខាតអស់ផ្ទះ០១ខ្នងទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាល ដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង០៣៖៥០នាទីរសៀលនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ ដោយនៅក្នុងនោះ បានបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យខាងលើនេះ៕