(សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញេីកទី១ របស់ក្រមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងលោក អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត។

កិច្ចប្រជុំក្រុមប្រឹក្សាលេីកទី១នេះ មានរបៀបវារៈចំនួ ៣ សំខាន់រួមមាន ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល ១២ខែ (ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥)។ និងសេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត និងទិសដៅអនុវត្តការងាររយៈពេល ០៣ខែ។

បន្ទាប់ពីលោក លី វណ្ណៈ នាយករដ្ឋបាល និងលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តបានផ្សព្វផ្សាយ និងរាយការណ៍តាមខ្លឹមសារនៃរបៀបវារៈខាងលេីរួចមក លោក លី សំរិទ្ធ ក៏បានបញ្ជាក់ដល់ក្រុមប្រឹក្សាផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី ១នេះ ក្រុមប្រឹក្សាខេត្តគ្រាន់តែស្តាប់នូវការផ្សព្វផ្សាយ និងសេចក្តីរាយការណ៍លេីរបៀបវារៈចំនួន៣តែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានការពិភាក្សា ឬអនុម័តឡេីយ។

លោក អភិបាលខេត្ត សូមធ្វេីអបអរសាទរចំពោះក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដែលបានចូលកាន់តំណែង និងបានរៀបចំកិច្ចប្រជុំនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក អភិបាលខេត្តក៏បានបង្ហាញដល់អង្គប្រជុំបន្ថែម នូវផែនការមួយចំនួនដែលខេត្តបានដាក់ចេញដេីម្បីអនុវត្តនាពេលខាងមុខ ម្យ៉ាងទៀត លោក ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តបង្ក្រាប ទប់ស្កាត់នូវបញ្ហាក្មេងទំនេីង គ្រឿងញៀន ។ មួយវិញទៀត មួយរយៈនេះមានហ្វូងដង្កូវស៉ីស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ហេីយក្រុមការងារបច្ចេកទេករបស់មន្ទីរកសិកម្មបាននឹងកំចាត់បាននៅតាមបណ្តាក្រុង ស្រុកមួយចំនួនផងដែរ។

លោក លី សំរិទ្ធ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តបានបង្ហាញនូវសមិទ្ធផល ក៏ដូចជាផែនការរបស់រដ្ឋបាលខេត្តជូនដល់អង្គប្រជុំ នេះជាមួយកាយវិការមួយដ៏ប្រពៃដែលក្រុមប្រឹក្សានិងគណៈអភិបាលខេត្តត្រូវរួមគ្នាជាធ្លុងមួយ ដេីម្បីបន្តអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែរីកចម្រេីនថែមទៀត។ លោក ប្រធានក្រុមប្រឹក្សាខេត្តក៏បានបញ្ជាក់ដល់អង្គប្រជុំផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី២ របស់ក្រុមប្រឹក្សាខេត្ត គឺរៀបចំមិនឱ្យតិចជាង២៥ថ្ងៃ និងលេីស ៣៥ឡេីយ ដូចនេះកិច្ចប្រជុំលេីកទី២ នឹងជម្រាបជូនក្នុងលិខិតអញ្ជេីញ៕