(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានចុះសួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារមីន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង និងជនពិការដោយសារមីន នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្រៅពីការសាកសួរសុខទុក្ខជនរងគ្រោះ ដោយសារមីនហើយនោះ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានស្តាប់នូវរបាយការណ៍ នានាពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពីផលប៉ះពាល់ដោយសារមីន ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលឆ្នាំ ២០១៧-២០២៥ ដើម្បីដោះស្រាយបញ្ហាមីនជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។
លោកទេសរដ្ឋមន្រ្តី នៅចំពោះមុខជនរងគ្រោះដោយសារមីន លោកបានលើកឡើងពីប្រវត្តិសង្រ្គាម នៅតាមតំបន់មួយចំនួន ក្នុងខេត្តបាត់ ដំបង និងខេត្តបន្ទាយមានជ័យផងដែរ។ លោកទេសរដ្ឋមន្រ្តីថា សង្រ្គាមនេះ ជាហេតុនាំឲ្យមានមីន និងបន្តឲ្យរងគ្រោះដល់ ប្រជាពលរដ្ឋមកដល់បច្ចុប្បន្ន។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានណែនាំប្រជាពលរដ្ឋកុំឲ្យលេងប៉ះពាល់ កែច្នៃគ្រាប់ ជាពិសេសធ្វើការភ្ជួររាស់ ត្រាក់ទ័រ ឬ កាប់ឆ្ការព្រៃធ្វើស្រែចំការដាំដំណាំផ្សេងៗ ព្រោះដីតំបន់នេះ មិនទាន់បានធ្វើការបោសសំអាតមីន ទាំងស្រុងនៅឡើយ។ លោក សេរី កុសល ណែនាំឲ្យប្រជាពលរដ្ឋ នៅពេលបានឃើញ ឬសង្ស័យថា មានគ្រាប់មីន ឬ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន។
លោកអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានស្នើកងកម្លាំងប្រដាប់អាវុធ លោកមេឃុំ និងប្រធានភូមិ សូមលើកយកបញ្ហា នៃគ្រោះថ្នាក់មីន និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាអាទិភាពរាល់កិច្ចប្រជុំ។
ក្រៅពីសំណេះសំណាល លោកទេសរដ្ឋមន្រ្តី សេរី កុសល បាននាំអំណោយជាគ្រឿងឧបភោគ បិរភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់ ជនរងគ្រោះផងដែរ៕