(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។

លោក កើត រិទ្ធ បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។

លោកថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៉ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរ ហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌ គឺការដាក់ទោសមួយ និងទទួលទោសមួយ សាកសមនឹងកំហុសដែលបានប្រព្រឹត្ត»

ខ្មាន់កាំភ្លើងគឺ អតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើការបាញ់ប្រហារនៅខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស ២នាក់ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ ករណីនេះ តុលាការបានចោទប្រកាន់ អតីតឧកញ៉ា ចំនួន ៣បទល្មើស គឺបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

បើតាមលោក កើត រិទ្ធ ករណីអតីតឧកញ៉ាខាងលើ បាញ់សម្លាប់មនុស្ស តុលាការត្រូវតែអនុវត្តតាមច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬបន្ធូរបន្ថយ ហើយបន្ថែមថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹងជាប់គុកតែ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំ ខណៈករណីនេះ ត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ដែលសំណុំរឿងនីមួយៗ អាចត្រូវជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ហើយទោសនេះនឹងបូកចូលគ្នា។

លោក កើត រិទ្ធ បានថ្លែងថា បើអយ្យការមិនបំបែកសំណុំរឿងជាពីរ ម្ល៉េះទោសរបស់ លោក ស្រី ស៊ីណា មិនធ្ងន់នោះទេ។ លោកបានធានាថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា នឹងមិនអាចមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតុលាការឡើយ។

ជាមួយគ្នានេះដែរ លោក កើត រិទ្ធ បានឲ្យដឹងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដើម្បីធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ ទាក់ទងនឹង ឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់។

លោកក៏បានថ្លែងថា បើអតីតឧកញ៉ា ស្រី ស៊ីណា មិនត្រូវជាប់ពន្ធនាគារ ឬជាប់ពន្ធនាគារ ២-៣ឆ្នាំចេញមកវិញ ពាក់ព័ន្ធករណីឃាតកម្មនេះ លោកកនឹងដើរចេញមិនអង្គុយនៅកន្លែងយុត្តិធម៌នេះទៀតទេ៕