(ស្វាយរៀង)៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនៅភូមិ ព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រទះឃើញសត្វឆ្កែមួយក្បាលងាប់ដោយមានសភាពបាក់ក និងរហែកចេញពោះវៀនចេញមកក្រៅ ព្រមទាំងមានស្នាមករកេរស៊ីឆ្អឹងជំនីខ្ចីដែលពលរដ្ឋ សង្ស័យថាជាសត្វខ្លាខាំស៊ីដូចករណីឆ្កែងាប់លើកមុនដែរ។

ពាក់ព័ន្ធករណីសត្វឆ្កែអ្នកស្រុកងាប់ជាបន្តបន្ទាប់នេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់ភ្នាក់ងារ Fresh News ថា លោកបានទទួលព័ត៌មាននេះ ហើយបានឲ្យខាងអាជ្ញាធរដែនដីមានអាជ្ញាធរឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារកំពុងដុតដៃដុតជើងតាមរកនៅតាមកំពតព្រៃ ព្រៃរបោះដែលជាប់មាត់ទឹកផងដែរ។

ជាមួយគ្នានេះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ទៀតថា ចំពោះករណីមានសត្វឆ្កែរបស់ប្រជាពលរដ្ឋត្រូវសត្វចម្លែកខាំងាប់ជាបន្តបន្ទាប់នេះ បានកើតឡើងមុននៅស្រុកកំចាយមារ ខេត្តព្រៃវែង បន្ទាប់មកក៏រាលដាលដល់ ស្រុករមាសហែក សមត្ថកិច្ចក៏ដូចជាអាជ្ញាធរយើងមិនទាន់កំណត់មុខសញ្ញាថាជាសត្វអ្វីឲ្យពិតប្រាកដនោះទេ ប៉ុន្តែក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថាជាសត្វខ្លា។

ពលរដ្ឋនៅឃុំស្មោងខាងត្បូង បានប្រាប់ថា ប៉ុន្មានថ្ងៃមុនបានប្រទះឃើញសត្វចម្លែកមានរាងស្រដៀងសត្វឆ្កែ ប៉ុន្តែមាឌធំមានសម្បុរខ្មៅ ហើយកន្ទុយបាស់ដូចសត្វកញ្ច្រោងគួរឲ្យខ្លាចចូលក្នុងផ្ទះអ្នកភូមិ ហើយលោតខាំសត្វឆ្កែពួកគាត់ ខណៈនោះត្រូវម្ចាស់ឆ្កែទាន់ សត្វសាហាវទាំងនោះរត់ចេញបាត់អស់។

គួរបញ្ជាក់ថា ការប្រទះឃើញសត្វឆ្កែងាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីសត្វមិនស្គាល់អត្តសញ្ញាណបានខាំសត្វឆ្កែត្រង់ករឲ្យងាប់រួចខាំហែកពោះយកឆ្អឹងជំនីស៊ី១២ករណីហើយ គឺនៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង៕