(កំពង់ឆ្នាំង)៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឱម គឹមស៊ា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នៃក្រសួងកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុករលាប្អៀរ អាជ្ញាធរឃុំជើងគ្រាវ និងប្រជាកសិករចុះពិនិត្យដំណាំស្រូវដែលរងនូវការបំផ្លិចបំផ្លាញពីហ្វូងដង្កូវរបស់ប្រជាកសិករ ស្ថិតក្នុងឃុំជើងគ្រាវ បន្ទាប់ពីទទួលបានការស្នើសុំជួយអន្តរាគមន៍ពីប្រជាកសិករនៅក្នុងមូលដ្ឋានខាងលើនេះ។

ប្រជាកសិកររស់នៅក្នុងភូមិតាលោ និងភូមិព្រីងកោង ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ បានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករជាច្រើនហិកតា ស្ថិតក្នុងឃុំជើងគ្រាវនេះ គឺរងនូវការបំផ្លិចបំផ្លាញពីហ្វូងដង្កូវដែលធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ ភាគច្រើនមិនអាចលូតលាស់បាន តែកន្លងមកក៏ត្រូវបានមន្ត្រី នៃមន្ទីរកសិកម្មខេត្ត មន្ត្រីការិយាល័យកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ បានចុះអប់រំដល់ប្រជាកសិករអំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកំចាត់ហ្វូងដង្កូវសង្គ្រោះស្រូវប្រជាពលរដ្ឋ បានរាប់សិបហិកតាផងដែរ។

ប្រជាកសិករបានឲ្យដឹងថា នៅថ្ងៃនេះប្រជាកសិករនៅក្នុងមូលដ្ឋាន មានទឹកចិត្តសប្បាយរីករាយដោយបានឃើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីការិយាល័យកសិកម្មស្រុកកសិកម្មឃុំ រួមទាំងអាជ្ញាធរស្រុក ឃុំ បានចុះមកពិនិត្យដំណាំស្រូវរបស់ប្រជាកសិករដោយផ្ទាល់ និងបានផ្ដល់នូវវិធីសាស្រ្តផ្សេងៗក្នុងការការពារ និងវិធីកំចាត់ហ្វូងដង្កូវ និងពពួកសត្វល្អិតដទៃទៀតមិនឲ្យចុះមកបំផ្លិចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាបន្តទៀត។

លោក សម ពិសី មន្ត្រីកសិកម្មឃុំទឹកហូត ស្រុករលាប្អៀរ បានឲ្យដឹងថា នៅក្នុងឃុំទឹកហូតរបស់លោក មានប្រជាកសិករចំនួន៣ភូមិ ដែលរងនៅផលប៉ះពាល់អំពីដង្កូវហ្វូងខាងលើនេះ ដែលវាបានបំផ្លិចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ ក្នុងនោះ មានផ្ទៃដីទំហំប្រមាណ១០ហិកតា ដែលបានរងនូវផលប៉ះពាល់ តែលោកក៏បានផ្ដល់នូវវិធីសាស្រ្តផ្សេងៗ ក្នុងការទប់ស្កាត់ និងកំចាត់ហ្វូងដង្កូវខាងលើនេះឲ្យមានប្រសិទ្ធភាព ជូនប្រជាកសិករបានដោយជោគជ័យ។

ទន្ទឹមនឹងនេះផងដែរ លោកក៏សូមអំពាវនាវដល់ប្រជាកសិករក្នុងឃុំទឹកហូតរបស់លោកទាំងអស់ សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ប្រសិនបើមានហ្វូងដង្កូវខាងលើនេះមកយាយីដំណាំស្រូវរបស់បងប្អូនប្រជាកសិករយើង សូមមេត្តាប្រញាប់រាយការណ៍មកមន្ត្រីកសិកម្មដែលប្រចាំនៅក្នុងឃុំទឹកហូតខាងលើនេះ ដើម្បីនឹងមានវិធានការឲ្យបានទាន់ពេលវេលា ចំពោះដំណាំស្រូវដែលបានរងការខូចខាតដោយសារហ្វូងដង្កូវបំផ្លាញកន្លងមក។ បច្ចុប្បន្នគឺបានលូតលាស់មកវិញ ជាបណ្ដើរៗហើយដែរ។

លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារជំនាញ នៃក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មស្រុក និងឃុំ រួមទាំងអាជ្ញាធរមូលដ្ឋាន ប្រជាកសិករដែលជាម្ចាស់ ស្រែចុះពិនិត្យដោយផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងចំនួន១១ហិកតានៅក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ។ រីឯប្រភេទដង្កូវហ្វូងដែលបានរកឃើញលើស្រែរបស់ប្រជាកសិករគឺជាប្រភេទដង្កូវហ្វូងមាន ឈ្មោះវិទ្យាសាស្ត្រ spod optera masuritia (បំផ្លាញដោយដុំៗ)។

លោកបានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានជាងមួយសប្តាហ៍ចុងក្រោយនេះ គឺមានបាតុភូតមួយពាក់ព័ន្ធទៅនឹងដង្កូវហ្វូងដែលវាបានចុះបំផ្លិចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសគឺតំបន់ទំនាបកណ្ដាល ការរីកសាយភាយនូវហ្វុងដង្កូវខាងលើនេះ គឺមកពីការប្រែប្រួលនូវអាកាសធាតុដូចជា ការក្តៅខ្លាំងរយៈពេលកន្លងមក ការរងផលប៉ះពាល់ដោយសារហ្វូងដង្កូវខាងលើនេះក្នុងប្រទេសកម្ពុជាយើងគឺមានប្រមាណ១៥ខេត្ត ដោយឡែកនៅខេត្តកំពង់ឆ្នាំង នេះក៏មានដង្កូវហ្វូងវាយលុកលើដំណាំស្រូវរបស់ប្រជាកសិករផងដែរ ក៏ប៉ុន្តែមិនច្រើននោះទេ គឺវាយលុកប្រហែលជា៥ស្រុក សរុបផ្ទៃដីដែលប៉ះពាល់ប្រមាណជា ២០០ហិកតាតែប៉ុណ្ណោះ ប៉ុន្តែមិនជាធ្ងន់ធ្ងរនោះទេ។

លោករដ្ឋលេខាធិការបានបន្តឲ្យដឹងទៀតថា ចំណែកថ្ងៃនេះផងដែរ លោកក៏បានដឹកនាំក្រុមការងារជំនាញរួមទាំងអាជ្ញាធរ ចុះមកពិនិត្យជាក់ស្ដែងនៅលើដំណាំស្រូវរបស់ប្រជាកសិករក្នុងភូមិព្រីងកោង ភូមិតាលោ ក្នុងឃុំជើងគ្រាវ ស្រុកក្រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារតែតំបន់នេះក៏មានព័ត៌មានថា​មានដង្កូវហ្វូងចុះបំផ្លិចបំផ្លាញដំណាំស្រូវប្រជាកសិករជាច្រើនផងដែរ។

ដោយមានការបារម្ភ, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចាត់រូបលោកឲ្យដឹកនាំមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងផ្ដល់នូវវិធីសាស្ត្រផ្សេងៗ ជូនដល់ប្រជា កសិករក្នុងការបង្ការ និងកំចាត់នូវហ្វូងដង្កូវទាំងអស់នេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមការចុះពិនិត្យដោយផ្ទាល់ឃើញថា នៅតាមបណ្ដាស្រែមួយចំនួន គឺនៅមានដង្កូវខ្លះ រីឯមួយស្រែមួយចំនួនទៀតក៏បាត់បង់អស់ ចំពោះដំណាំស្រូវក៏មាន ការលូតលាស់ឡើងវិញជាធម្មតាផងដែរ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នកសិករទូទាំងខេត្ត បានដាំដុះដំណាំស្រូវចំនួន១០៩៩២៦ហិកតា ស្មើនិង ៨ ៣.៩១ភាគរយ លើផែនការ១៣១ ០០០ហិកតា។

ចំពោះដង្កូវហ្វូងបានធ្វើ ការបំផ្លាញដំណាំស្រូវលើផ្ទៃដីចំនួន ១៧៧ហិកតាក្នុងស្រុកចំនួន៥ ក្នុងឆ្លងតាមការចុះពិនិត្យ និងសរុបស្ថិតិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់ មកដល់ពេលនេះដំណាំស្រូវដោយរងផលប៉ះពាល់ដោយសារហ្វូងដង្កូវគឺបានល្អប្រសើរឡើងវិញចំនួន១៦០ហិកតា បច្ចុប្បន្ននៅសល់១៧ហិកតាតែប៉ុណ្ណោះ ដែលកំពុងរងផលប៉ះពាល់ជាលក្ខណៈស្បែកខ្លានិងបន្តិបន្តួច។
ក្រុមការងារក៏បានណែនាំដល់ប្រជាកសិករឲ្យឧស្សាហ៍ចុះមកមើលស្រែ និងមានវិធានការកំចាត់សមាសភាពចង្រៃ តាមវិធីសាស្រ្តមេកានិក និងវិធីសាស្ត្រគីមីរួមមាន៖

*ទី១៖ វិធីសាស្ត្រមេកានិក

*ក៖ វិធានការការពារ៖ ត្រូវធ្វើការសំអាតស្មៅនៅតាមភ្លឺស្រែ ឬកំពោតព្រៃនៅជុំវិញស្រែ ដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ។ ត្រូវជីកចង្អូរទំហំ២តឹក ជម្រូវ៣តឹករោយផេះក្នុងរណ្ដៅការពារកុំឲ្យដង្កូវរាលដាលទៅស្រែផ្សេងទៀត។

*ខ៖ វិធានការកំចាត់៖

*លែងទាឱ្យស៊ីដង្កូវនៅក្នុងស្រែ
*ពន្លិចទឹកនៅក្នុងស្រែ

*ទី២៖ វិធីសាស្ត្រគីមី៖ សម្រាប់ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតដែលមានស្លាកសញ្ញាជាភាសាខ្មែរ៕