(ប៉េងកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៃជើងឯកថ្មី ដែលជារឿយៗត្រូវបានគេហៅថា «Summer Davos» បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Dalian ប្រទេសចិន ដោយផ្តោតលើប្រធានបទ «ព្រំដែនបន្ទាប់សម្រាប់ការអភិវឌ្ឍ»។

ព្រឹត្តិការណ៍នេះបានរៀបចំឡើង ដោយក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ លោក Li Qiang នាយករដ្ឋមន្ត្រីប្រទេសចិន, លោក Pham Minh Chinh នាយករដ្ឋមន្ត្រីប្រទេសវៀតណាម និងលោក Andrzej Duda ប្រធានាធិបតីប្រទេសប៉ូឡូញ។

ក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ចំនួន ១,៦០០រូប មកពីជិត ៨០ប្រទេស ក៏មានកាអញ្ជើញចូលរួមពី អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សានៃ ក្រុមហ៊ុន WorldBridge Group របស់ប្រទេសកម្ពុជា នៅក្នុងកិច្ចវេទិកានេះផងដែរ។

ក្នុងនាមជាសមាជិកមកពីប្រទេសកម្ពុជាតែមួយគត់ របស់វេទិកាសេដ្ឋកិច្ចពិភពលោក អ្នកឧកញ៉ា សៀ ឫទ្ធី នឹងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗសម្រាប់តំបន់អាស៊ាន រួមមានសេដ្ឋកិច្ចឌីជីថល ការទូទាត់តាមអេឡិចត្រូនិក និងការអភិវឌ្ឍ កម្លាំងពលកម្ម។ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានវត្តមាន នៅក្នុងសម័យប្រជុំជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងឥស្សរជនអាជីវកម្មលេចធ្លោ ផ្សេងទៀត មកពីអាស៊ី រួមទាំងការជួបជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំពិភពលោក (IGWEL) ក្នុងកម្មវិធីអាហារថ្ងៃត្រង់។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ មានការប្រជុំពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងឱកាសដែលកើតចេញពីទិដ្ឋភាពសកលលោកដែលកំពុង វិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ការជួបជុំនេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកដឹកនាំមកពីវិស័យចម្រុះ ដើម្បីសហការនិងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានរៀបចំឡើងជុំវិញប្រធានបទសំខាន់ៗចំនួន៦៖ សេដ្ឋកិច្ចសកលដែលកំពុងវិវឌ្ឍន៍, តួនាទីរបស់ប្រទេសចិនក្នុងពិភពលោក, ភាពជាសហគ្រិនក្នុងយុគសម័យ AI, ព្រំដែនថ្មីសម្រាប់ឧស្សាហកម្ម, ការវិនិយោគលើធនធានមនុស្ស និងទំនាក់ទំនងគ្នាទៅវិញទៅមកនៃអាកាសធាតុ ធម្មជាតិ និងថាមពល។

ជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំងលើកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង Summer Davos 2024 ត្រូវបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍ។

កិច្ចប្រជុំនេះនឹងអាចចូលដំណើរការបានសម្រាប់ទស្សនិកជនទូទាំងពិភពលោកតាមរយៈការផ្សាយបន្តផ្ទាល់ជាង ៥០វគ្គ រួមទាំងការពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចប្រទេសចិន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិភពលោក ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង៕