(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានយល់ព្រមផ្តល់កិច្ចសន្យា រយៈពេល១២ឆ្នាំ ដល់ក្រុមហ៊ុន Lagardère Travel Retail SAS (ក្រុមហ៊ុនបារាំង) និងដៃគូសហការ ក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (ក្រុមហ៊ុន CAIC) បានបញ្ជាក់ថា កិច្ចសន្យានេះ ឆ្លុះបញ្ចាំងពីជោគជ័យដ៏ធំមួយ ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៥។

ក្រុមហ៊ុន CAIC មានគោលបំណងកែលម្អនូវទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់ នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិ នាពេលអនាគតរបស់កម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខ្នាតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។

ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើប និងភោជនីយដ្ឋាន ហាងផ្ដល់សេវាកម្មម្ហូបអាហារដែលពុំ
ធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះ របស់អ្នកដំណើរសម័យថ្មី។

អ្នកដំណើរនឹងអាចទទួលបាននូវបទពិសោធន៍ថ្មី ពីហាង Aelia Duty Free ដែលផ្តល់ជូននូវជម្រើស នៃម៉ាកយីហោចម្រុះនៅកម្ពុជា ហាងកាហ្វេ EL&N ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ការថតរូប បង្ហោះក្នុងបណ្ដាញសង្គមជាពិសេស Instagram ភោជនីយដ្ឋានប្រណិត Le Connoisseur និងអាហារដ្ឋាន Marché Food Hall ជាដើម។

កិច្ចសន្យានេះ ផ្តោតលើគំរូនៃការបែងចែកប្រាក់ចំណេញ ដែលនឹងផ្លាស់ប្ដូរនូវបរិបទនៃឧស្សាហកម្មផ្តល់សេវាលក់ទំនិញក្នុងវិស័យទេសចរណ៍។ គំរូនៃការបែងចែកប្រាក់ចំណេញនេះ បង្កើតបាននូវភាពជាដៃគូ ពិតប្រាកដរវាងប្រតិបត្តិករ និងអាកាសយានដ្ឋាន ដែលបង្ហាញពីផ្នត់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន CAIC ដែលជាប្រតិបត្តិករដំបូងគេបង្អស់ នៅក្នុងតំបន់ដែលបានអនុវត្ត។

ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន Lagardère Travel Retail SAS និង HSC Group បានបង្ហាញ និងមានទំនុកចិត្តចក្ខុវិស័យ និងការប្តេជ្ញាចិត្តដូចគ្នា ជាមួយនឹងក្រុមហ៊ុន CAICក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មី ទំនើប លំដាប់ពិភពលោករបស់កម្ពុជា»

ឧកញ៉ា ឆារស៍ វ៉ាន់ បន្ដថា «យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុន Lagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាម អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មី នៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើររបស់យើងផងដែរ»

អ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ បានថ្លែងថា «កិច្ចសន្យានេះ បើកនូវទំព័រថ្មី នៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី ហើយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្ដល់ការគាំទ្រដល់យើងក្នុងការបង្កើតកិច្ចសហការថ្មីនេះ។

អ្នកស្រីបន្ដថា «នាងខ្ញុំជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត»

គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន CAIC បានវិនិយោគទុនប្រមាណជាង ១.១ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិតេជោ។ ដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមប្រតិបត្តិការ នៅដើមឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានចំនួន១៣លាននាក់។

បច្ចុប្បន្ននេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ៧៨% ដោយមានបុគ្គលិក និងកម្មករប្រមាណជាង ១៧,០០០នាក់ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ លើគម្រោងនេះ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕