(សៀមរាប)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោក សត ណាឌី ប្រធានក្រុមការងារ ខេត្តសៀមរាបចុះជួយស្រុកជីក្រែង អមដំណើរដោយក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រគល់ផ្ទះ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៧០នាក់ ។
លោក អុំ អមរា អនុប្រធានក្រុមការងារចុះជួយស្រុកជីក្រែង បានឲ្យដឹងថា នាឱកាសនោះលោក សត ណាឌី បានប្រគល់ផ្ទះ០១ខ្នង ទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ជាអំណោយ របស់ក្រុមការងារ គណបក្សប្រជាជនខេត្តសៀមរាប ចុះជួយស្រុកជីក្រែង ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនគ្រួសារលោកយាយ ឈ្មោះ ទេស ហុក អាយុ៦៣ឆ្នាំ រស់នៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានជីវភាពខ្វះខាត និងជាមនុស្សចាស់ជរា។
ជាមួយគ្នានេះ លោក សត ណាឌី បាននាំយកនូវអំណោយមួយចំនួនទៀតដូចជា ថវិការ៥០ម៉ឺនរៀល, កន្ទេល០១, មុង០១, ខ្នើយ០២, សម្លៀកបំពាក់០២កំប្លេរ និងគ្រឿងបរិភោគមួយចំនួនទៀត ជូនដល់លោកយាយ សំរាប់ផ្គត់ផ្គង់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីនោះ លោក សត ណាឌី និងក្រុមការងារ ក៏បានចែកអំណោយជូន បងប្អូនដែលបានចូលរួមទាំង ៧០នាក់ ដោយម្នាក់ៗទទួលបានសារុងចំនួន ០១ផងដែរ៕