(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនយុវតី៦នាក់ ក្រោយប្រើអំពើហិង្សាទៅលើស្ត្រីជនជាតិវៀតណាមអន្តោប្រវេសន៍ខុសច្បាប់កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវបេតុងភូមិលេខ១ក សង្កាត់ស្វាយរលំ  ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សេង គឹមវី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងធ្វើក្រចក។

ជនសង្ស័យចំនួន០៦នាក់ រួមមាន៖

*ទី១៖ ឈ្មោះគឹម កន្និកា អាយុ១៦ឆ្នាំ រស់នៅភូមិចាក់អង្រែកក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបររត់តុ។
*ទី២៖ ឈ្មោះ គីម សួរ អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់ធំពីរ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរលក់ដូរ។
*ទី៣៖ ឈ្មោះ ជា ស្រីនី អាយុ១៦ឆ្នាំ រស់នៅភូមិចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់តុ។
*ទី៤៖ ឈ្មោះ ម៉េង កែវពេជ្យធីតា អាយុ១៥ឆ្នាំ រស់នៅភូមិចាក់អង្រែក្រោម សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ មុខរបររត់តុ។
*ទី៥៖ ឈ្មោះ សុខ គីម អាយុ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិចាក់អង្រែលើ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
*ទី៦៖ ឈ្មោះ ខៀវ បញ្ញា ហៅង្វៀង ចាំងលឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ទិញអេតចាយ។

តាមរបាយការណ៍សមត្ថកិច្ច នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ សេង គឹមវី បានដើរទៅកន្លែងលក់កាហ្វេនៅម្តុំរោងចក្រ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យ១ក្រុម មានស្រីមានប្រុស នាំគ្នាអង្គុយជក់បារី និងជក់បារីអេឡិចត្រូនិចនៅជិតរោងចក្រកាត់ដេរ ឃើញដូចនោះជនរងគ្រោះក៏បានដើរទៅមើល ស្រាប់តែក្រុមជនសង្ស័យបានជេរមកកាន់ជនរងគ្រោះ លឺដូចនោះជនរងគ្រោះមិនបានតបតអ្វីទាំងអស់ ក៏ដើរចេញមកវិញ។

លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៦និង០០នាទី ជនរងគ្រោះកំពុងអង្គុយធ្វើក្រចកឲ្យភ្ញៀវនៅក្នុងហាងរបស់ខ្លួន នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែមានជនសង្ស័យចំនួន៦នាក់ មានឈ្មោះដូចបានរាបរាប់ខាងលើ បានជិះម៉ូតូចំនួន០៣គ្រឿង មកឈប់នៅមុខហាងធ្វើក្រចករបស់ជនរងគ្រោះ រួចបានបក់ដៃហៅជនរងគ្រោះឲ្យចេញមកក្រៅ។

ឃើញដូចនោះជនរងគ្រោះបានដើរចេញមក ឃើញក្រុមជនសង្ស័យដែលជេរខ្លួនពីម្សិលមិញ បន្ទាប់មកជនសង្ស័យ ក៏បានសួរទៅកាន់ជនរងគ្រោះថាម៉េចជេរអញពីម្សិលមិញ ភ្លាមនោះជនរងគ្រោះបានតបទៅវិញថា ខ្លួនមិនបានជេរពួកបងទេ គ្រាន់តែនិយាយចប់ស្រាប់តែពួកជនសង្ស័យទាំងនោះនាំគ្នាព្រួតវាយជនរងគ្រោះមានអ្នកខ្លះចាប់ទាញសក់ ខ្លះយកស្បែកជើងវាយក្បាល និងវាយត្រូវជាច្រើនកន្លែងទៀតរួចក៏នាំគ្នាជិះគេចខ្លួនអស់។

ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំឲ្យជួយស្រាវជ្រាវរកជនសង្ស័យ ក្រោយមកកំលាំប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង៦នាក់​រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលចាត់ការតាមនិតិវិធី។

តាមការសាកសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ បានរៀបរាប់ប្រាប់ថា មូលហេតុមកពីខ្លួននាំគ្នាធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពីព្រោះខឹងជនរងគ្រោះជេរពួកខ្លួនតាមឆាតទូរស័ព្ទរួចផ្ញើរមកឲ្យខ្លួនស្តាប់ពីម្សិលមិញប្រាកដមែន៕