(ព្រះសីហនុ)៖ ដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ, ការលើកកម្ពស់ស្ថានភាពជីវភាព ឋានៈតួនាទី និងសុខមាលភាពស្ត្រី ត្រូវមានការចូលរួមអនុវត្ត ពីគ្រប់ភាគីពាក់ព័ន្ធ លោកស្រីកត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកស្រីបានអញ្ជើញ ដឹកនាំគណៈប្រតិភូចុះតាមដានការអនុវត្តច្បាប់គោលនយោបាយជាតិពាក់ព័ន្ធនឹងនៅខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានទិន្នន័យ សមិទ្ធិផលនានាដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនិងមន្ទីរអង្គភាពពាក់ព័ន្ធសម្រេចបាន។

*ទី១៖ គណៈប្រតិភូបានចុះស្វែងយល់ស្ថានភាពទណ្ឌិតពិរុទ្ធជនជាស្ត្រីកំពុងជួបឃុំនៅក្នុងពន្ធនាគារ និងពិភាក្សាអំពីលទ្ធភាពដែលអាចជាមូលដ្ឋានក្នុងការផ្តល់សេវាពាក់ព័ន្ធក្នុងពន្ធនាគារ។
*ទី២៖ ស្វែងយល់ករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងបទល្មើសពាក់ព័ន្ធ និងស្ត្រី (បទពិសោធន៍ចំណាត់ការ និងបញ្ហាប្រឈមពាក់ព័ន្ធ និងសំណុំរឿងស្ត្រី និងក្មេងស្រី) ការផ្សព្វផ្សាយអំពីគម្រោងផ្ដល់សេវាការពារសិទ្ធិស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សារបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងស្នើសុំកិច្ចសហការនៅសាលាដំបូងខេត្ត។
*ទី៣៖ ស្វែងយល់ និងពិនិត្យលើកាករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងបទល្មើសពាក់ព័ន្ធនិងស្ត្រីបញ្ហាប្រឈម និងវិធានការនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
*ទី៤៖ ពិភាក្សាលើកិច្ចការពារសិទ្ធិស្ត្រី និងការលើកកម្ពស់សមត្ថភាពយេនឌ័រក្នុងការអនុវត្តច្បាប់គោលនយោបាយវិធានការអនុសញ្ញា (CEDAW) ផ្ដោតលើកិច្ចពិភាក្សាស្ត្រីក្នុងមុខងារ សាធារណៈនិងនយោបាយថ្នាក់ក្រោមជាតិនៅសាលាខេត្តព្រះសីហនុ។

ការចុះតាមដានការអនុវត្តច្បាប់នេះដែរមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត ស្នងការ មន្ទីរអង្គភាពពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុនា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្នុងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈតួនាទី និងសុខភាពស្ត្រីក្នុងការអនុវត្តច្បាប់គោលនយោបាយជាតិវិធានការ និងអនុសញ្ញា (CEDAW) ដើម្បីចងក្រងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីស្វែងយល់ពីបញ្ហាប្រឈម ឧបសគ្គ និងវិធានការទាំងឡាយក្នុងការដោះស្រាយបញ្ហាស្ត្រីដែលពួកគាត់បានទទួលរងការគាបសង្កត់ផ្សេងៗពីគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្តព្រះសីហនុ ហើយកិច្ចសហប្រតិបត្តិការបន្តឆ្នាំ ២០២៤-២០២៨ រវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនិងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្ដល់សេវាការពារក្តីដល់ស្ត្រីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សានិងការអប់រំច្បាប់។

គោលបំណង និងលទ្ធផលរំពឹងទុកសហប្រតិបត្តិការពង្រឹងនិងពង្រីកការផ្ដល់សេវាការពារក្តីជូនស្ត្រីនិងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រនៅទូទាំង២៥ រាជធានីខេត្តប្រកបដោយគុណភាព និងទាន់ពេលវេលាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយស ក.ជ.ក.ស។ រួមចំណែកអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះច្បាប់ពាក់ព័ន្ធនឹងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឱ្យមានប្រសិទ្ធភាព៕