(ព្រៃវែង)៖ កម្លាំងជំនាញមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពាមរក៌ បានធ្វើការបង្រ្កាបករណី ចែកចាយគ្រឿងញៀនបាន ២លើក ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតថ្នាំ ៥កញ្ចប់ និងម៉ូតូ ៥គ្រឿង។
ការបង្ក្រាបនេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចរង្វង់មូលអ្នកលឿង ភូមិ ០៤ និងនៅក្នុងបន្ទប់ខារ៉ាអូខេ ស្ថិតក្នុងភូមិ ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៌ ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ថាជនសង្ស័យទាំង៥ដែលឃាត់ខ្លួននេះ ទី១-ឈ្មោះ អុល និត អាយុ២១ឆ្នាំ ទី២-ឈ្មោះ ឃឿន ប៊ុនអាយុ២៥ឆ្នាំ ទី៣-ឈ្មោះ កុយ ឋានះ អាយុ២១ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ទី៤-ឈ្មោះ ច័ន្ទ រដ្ឋាអាយុ២០ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៥-ឈ្មោះ ភា រុន អាយុ២០ឆ្នាំ រស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ឧត្តមសេនីយ៍ត្រី បន្ថែមថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌ស៥កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹង១ ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ នាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕