(ភ្នំពេញ)៖ ការរៀបចំចាប់ឆ្នោតបែងចែកការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ មានសរុបចំនួន២២ក្រុមចូលរួម នឹងចាប់ផ្ដើមប្រកួតជាផ្លូវការពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន ស្មាន អ អេស អិន (Smart RSN) ក្លឹបបាល់ទាត់ភ្នំពេញក្រោន។
កម្មវិធីចាប់ឆ្នោតនេះធ្វេីឡេីងក្រោមអធិបតីភាព លោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់។
ការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ខាងលើនេះ ក្នុងគោលបំណងចូលរួមអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» និងសម្ដែងនូវកត្តញ្ញូធម៌រំលឹកដឹងគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងជាអគ្គមគ្គទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា ព្រមទាំងក្រើនរំលឹកយុវជនគ្រប់ស្រទាប់ ឲ្យមានស្មារតីរំលឹកដល់ទុក្ខវេទនារបស់ខ្មែរបណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។
ជាពិសេសបំផុសស្មារតីយុវជនជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សា ឲ្យបាននូវសុខសន្តិភាពនេះជាដាច់ខាត និងដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអនុញ្ញាតឲ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤។
ការរៀបចំនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងដើម្បីពង្រឹងក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នឲ្យមាន៖
* សាមគ្គីភាព និងមិត្តភាព
* មានសុខភាពល្អកម្លាំងមាំមួន
* ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ
* ផ្តល់លទ្ធភាពឲ្យយុវជនបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនលើទីលានប្រកួត ដើម្បីឈានទៅកាន់គោលបំណងក្នុងវិស័យបាល់ទាត់របស់ពួកគេ។
សូមបញ្ជាក់ថា ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ មេដាយមាសចំនួន ៣១គ្រឿង និងថវិកាចំនួន ៥លានរៀល, ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ចំនួន ៣១គ្រឿង និងថវិកាចំនួន ៤លានរៀល, ក្រុមសមធម៌ (FairPlay) ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, ក្រុមអាជ្ញាកណ្តាលឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, កីឡាករទាត់បញ្ចូលទី ច្រើនជាងគេ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល, អ្នកចាំទីឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ១លានរៀល និងគ្រូបង្វឹកឆ្នើម ទទួលបានថវិកាលើកទឹកចិត្តចំនួន ១លានរៀល៕