(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសសុពលភាព និងចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ។ ពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សេង តុលា​ ជានាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC), លោកស្រីណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងអ្នកពាក់មួយចំនួនទៀត។

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និងជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ក្នុងយុគសម័យទំនើប។ ក្នុងន័យនេះ ត្រូវចូលរួមខិតខំថែរក្សាមរតកជាតិនេះឱ្យបានល្អ និងគង់វង្សយូរអង្វែង ព្រមទាំងគប្បីប្រើប្រាស់ពហុកីឡដ្ឋាននេះ និងពហុកីឡដ្ឋានជាតិអូឡាំពិកឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកៀរគរចំណូលឱ្យបានជាអតិបរមា សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋ ស្របតាមអភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ»

អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានបន្តថា ចំណុចនេះគឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC), សហព័ន្ធកីឡាជាតិ និងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលបានសហការជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងស្មារតីស្រឡាញ់ទ្រព្យសម្បត្តិសាធារណៈរបស់ជាតិ។

បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានបន្តថា ជាមួយនឹងការបន្តគិតគូរដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាអាណាព្យាបាលបច្ចេកទេស, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ, ក្នុងគោលបំណងគ្រប់គ្រង ថែទាំ ជួសជុល និងប្រើប្រាស់ ពហុកីឡដ្ឋានជាតិ ដែលជាទ្រព្យសម្បត្តិដ៏សម្បើមរបស់រដ្ឋឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់ជាតិ និងប្រជាជនកម្ពុជាជំនាន់ក្រោយទៀត។

បើតាមលោក វ៉ាត់ ចំរើន បានលើកឡើងថា បន្ទាប់ពីទទួលបានការណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ ព្រមទាំងអ្នកពាក់ព័ន្ធបានបង្ហាញពីការរួមគ្នាថែរក្សាពហុកីឡដ្ឋានជាតិ ដែលមានទំហំធំនេះ ក្លាយជាពហុកីឡដ្ឋានជាតិមានការទាក់ទាញ មានសោភ័ណភាព មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ព្រមមានអ្វីប្លែកៗនៅពេលមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាដើម៕