(បាងកក,ថៃ)៖ លោក គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានចូលរួមវេទិកាឧត្តមមន្ត្រីអាស៊ាន-ជប៉ុនលើកទី៣៩ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃលើប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែលមានស្រាប់ និងលើកទិសដៅអនាគត ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន បន្ទាប់ពីកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាលពីឆ្នាំ២០២៣ កន្លងទៅ។

កិច្ចប្រជុំបានផ្តោតជាសំខាន់លើភាពជាដៃគូសម្រាប់សន្តិភាព និងស្ថិរភាព ភាពជាដៃគូសម្រាប់ការបង្កើតសេដ្ឋកិច្ច និងសង្គមនាអនាគតកាលរួមគ្នា និងភាពជាដៃគូចិត្ត និងចិត្តគ្រប់ជំនាន់។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ៕