(ភ្នំពេញ)៖ ដោយមើលឃើញពីសារសំខាន់ នៃការលើកទឹកចិត្ត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ មន្ត្រីមូលដ្ឋាន ខណ្ឌ សង្កាត់ ភូមិ ក្រុមយុវជន និងសហការីជាច្រើនរូបផ្សេងទៀត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ បាននាំយកនូវរង្វាន់លើកទឹកចិត្ត ទៅចែកជូនដល់សិស្ស ដែលទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ ព្រមទាំងឆ្លៀតនាំយកអំណោយ ចែកជូនដល់គ្រួសារទុរគតជន ចំនួន៣៣គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោផងដែរ។
សិស្សជ័យលាភីចំនួន ០៥នាក់រួមមាន៖
* សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣នាក់៖
១- ឈ្មោះ វៃ រ៉ានី ភេទស្រី និទ្ទេស A ទទួលបានម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ ២០១៦ ចំនួន១គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង កាបូបស្ពាយ១។
២- ឈ្មោះ ព្រឿង លីដា ភេទប្រុស និទ្ទេស B និង
៣- ឈ្មោះ សិដ្ឋ ពិសី ភេទប្រុស និទ្ទេស B ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃម្នាក់01គ្រឿង ថវិកាម្នាក់៤០ម៉ឺនរៀល កាបូបស្ពាយម្នាក់១។
* សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន២នាក់គឺ ៖
១-ឈ្មោះ ម៉ារិន្ទ រ័ត្ន នីកា ភេទស្រី លេខ១ ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ថវិកា៤០ម៉ឺនរៀល កាបូបស្ពាយ១។
២-ឈ្មោះ ដន សុវណ្ណតារ៉ា លេខ២ ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង កាបូបស្ពាយ១។
ដោយឡែកទុរគតជនទាំង៣៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២ការ៉ុង, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ, ត្រីខកំប៉ុង១យួរ, ទឹកសុទ្ធ១កេស និងថវិកា៥ម៉ឺនរៀល។
អ្វីដែលគួឲ្យកត់សម្គាល់ផងដែរនោះ លោក រ័ត្ន ស្រ៊ាង បាននាំយកនំបុ័ងចំនួន៦០០ដើម ការ៉េម៦០០ដើម ទឹកសុទ្ធ៦០០ដប ចែកជូន និងហូបចុករួមជាមួយប្អូនៗសិស្សានុសិស្ស យុវជន យុវនារី លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា និងសមាជិកចូលរួមក្នុងអង្គពិធីទាំងមូល ប្រកបដោយមនោសញ្ចេតនា ស្និទ្ធស្នាលកក់ក្តៅ ជាគ្រួសារខ្មែរតែមួយ។
បន្ថែមពីលើនេះទៀត លោក រ័ត្ន ស្រ៊ាង បានចែកថវិកាជូនដល់៖
- លោកគ្រូ អ្នកគ្រូចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល
- សមាជិកយុវជនភូមិ សង្កាត់ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល
- ចេញថ្លៃកាត់អាវឯកសណ្ឋាន ឲ្យសមាជិកយុវជនភូមិចំនួន១៨នាក់ ក្នុងអាវ១តម្លៃ៤១០០០រៀល
- ជូនដល់អង្គភាព អហ ខណ្ឌដង្កោ ២០ម៉ឺនរៀល
- ជូនដល់អង្គភាព នគរបាលប៉ុស្តិ៍ ២០ម៉ឺនរៀល
- ជូនដល់អង្គភាព ប្រជាការពារសង្កាត់ ២០ម៉ឺនរៀល
- ក្រុមរបាំឆៃយ៉ាំប្រចាំវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស ២០ម៉ឺនរៀល
ក្នុងឱកាសនោះផងដែរ លោក រ័ត្ន ស្រ៊ាង ក៏បានជួបស្ត្រីម្នាក់ឈ្មោះ ស៊ុន សុខុម អាយុ៥០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ដែលមានអាការងងឹតភ្នែកទាំងសងខាង រយៈពេលជាងមួយឆ្នាំហើយ ដោយពុំធ្លាប់បានទៅឲ្យគ្រូពេទ្យពិនិត្យនៅឡើយ លោកក៏បានចាត់ឲ្យក្រុមគ្រូពេទ្យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យអាការរោគ ប្រសិនបើអាចធ្វើការវះកាត់ព្យាបាល ឲ្យមើលឃើញឡើងវិញបាន លោក រ័ត្ន ស្រ៊ាង ធានាចេញថ្លៃវះកាត់ព្យាបាលទាំងស្រុង៕