(ភ្នំពេញ)៖ គ្រូមន្ដអាគមន សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ដែលយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ ហើយបង្ហោះតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទាក់ទិនការប្រើប្រាស់អាវុធដោយខុសច្បាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ក្រោយបញ្ចប់ការសួរនាំបានបញ្ជូនខ្លួនគ្រូមន្ដអាគមនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «ពាក់ព័ន្ធគ្រូមន្ដអាគម ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមនេះ យើងអនុវត្តវិធានការច្បាប់ មិនមានការអប់រំនោះទេ បើទោះបីរូបភាពនេះគាត់ថតតាំងពីឆ្នាំ២០២២យ៉ាងណាក៏ដោយ។ អ្វីដែលជាចម្លើយសារភាព ជនសង្ស័យបានសារភាពថា កាំភ្លើងនោះជាកាំភ្លើងពិតប្រាកដ ហើយគាត់បានបោះចោលនៅខេត្តក្រចេះ ក្រោយបាញ់លើខ្លួនឯងរួចរាល់»

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលឃាត់ខ្លួនគ្រូមន្ដអាគមម្នាក់ឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ក្រោយបង្ហោះវីដេអូយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ។

ដោយឡែក ពាក់ព័ន្ធកាំភ្លើងដែលនោះវិញ គ្រូមន្ដអាគមនបានសារភាពថា ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង។ លុះបាញ់រួចបានយកទៅបោះចោលនៅខេត្តក្រចេះ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវតាមនីតិវិធី។

ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ៕