(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អភិបាលខេត្តត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ ព្រមទាំងសូមជួយធ្វើចលនាសប្បុរសជនតាមមូលដ្ឋានដើម្បីបន្តជួយដល់សមាគមអតីតយុទ្ធជនបន្ថែមទៀត។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា។ ពិធីនេះរៀបចំនៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ចំពោះការសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា គឺបានទទួលជំនួយសាងសង់ ហើយក៏កំពុងសាងសង់នៅតាមខេត្តមួយចំនួនហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ (សាងសង់រួចរាល់) កំពង់ចាម កំពង់ឆ្នាំង (កំពុងសាសសង់) ព្រះវិហារ សៀមរាប ត្បូងឃ្មុំ កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ និងកំពត។ ក្រៅពីនេះ នៅសល់១២ខេត្តទៀតដែលមិនទាន់មានដីសម្រាប់សាងសង់ស្នាក់ការ និងការឧបត្ថម្ភសាងសង់ស្នាក់ការនៅឡើយ ដូច្នេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏សង្ឃឹមថា អភិបាលខេត្ត ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្តជួយជ្រោមជ្រែងលើកិច្ចការនេះផងដែរ។

ឆ្លើយតបនឹងតម្រូវការនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលខេត្តត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «សូមបណ្ដារាជធានី-ខេត្តសូមបន្តជួយផ្ដល់ដីដល់សមាគមអតីតយុទ្ធជនដើម្បីធ្វើស្នាក់ការ ព្រោះមិញថានៅសល់១២ខេត្ត។ ទីស្នាក់ការនេះ អត់យកទៅធ្វើទ្រព្យសម្បត្តិឯកឧត្តម គន់ គីម ទេ គឺធ្វើសម្រាប់ស្នាក់ការផ្ដល់សេវា និងទំនាក់ទំនងជូនអតីតយុទ្ធជន ហើយអតីតយុទ្ធជនគឺបន្តរហូត អ៊ំពូមីងនៅទីនេះនៅជាកងទ័ពនៅឡើយ តែទៅមុខនឹងក្លាយទៅជាអតីតយុទ្ធជនដូចគ្នាទេ»

សម្ដេចធិបតីក៏បានណែនាំអភិបាលខេត្តជួយធ្វើចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់ជួយទ្រទ្រង់ដល់សមាគមអតីតយុទ្ធជនទៀតផងដែរ ខណៈចំនួនអតីតយុទ្ធជនកាន់តែកើនឡើង ហើយមានតម្រូវការរៀងរាល់ខែរាល់ឆ្នាំ។

សម្ដេចធិបតីបានបន្តថា ការជួយកសាងផ្ទះជូនអតីតយុទ្ធជនក៏ត្រូវធ្វើបន្ត ប៉ុន្តែនៅពេលធ្វើផ្ទះជូនអតីតយុទ្ធជនលើកក្រោយៗ សូមធ្វើបង្គន់អនាម័យជូនពួកគាត់ផង។ ការធ្វើផ្ទះ និងការផ្ដល់ដីជូនដល់អតីតយុទ្ធជន គឺជាគោលនយោបាយមួយធំណាស់។ ចំពោះអតីតយុទ្ធជនដែលខ្វះខាតខ្លាំងជាងគេ គឺត្រូវផ្ដល់អាទិភាពធ្វើផ្ទះឱ្យគាត់មុនគេ។ សម្ដេចបន្តទៀតថា រាជរដ្ឋាភិបាលនឹងព្យាយាមដើម្បីពង្រីកលទ្ធភាពឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យមានតម្លាភាពប្រសើរឡើង។

ជាមួយគ្នានោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានប្រកាសឧបត្ថម្ភការសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន៥០ខ្នង ព្រមទាំងអំពាវនាវដល់សប្បុរសជនដទៃទៀត សូមចូលឧបត្ថម្ភការសាងសង់ផ្ទះជូនអតីតយុទ្ធជនថែមទៀតដែរ។

បើតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី គន់ គីម គិតត្រឹមឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងក្រសួង-ស្ថាប័ន សប្បុរសជននានា បានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈបានជាង៥,០០០ខ្នងហើយ រួមទាំងការផ្ដល់ដីសម្រាប់បង្កបង្កើនផល សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ និងការរៀបចំជាភូមិជូនអតីតយុទ្ធជនក្រីក្រដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច។

ជាតម្រូវការបន្តទៀតនោះ គឺខ្វះប្រាក់ឧបត្ថម្ភការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនជាង២០០០ខ្នងទៀត ក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែនៅក្នុងកម្មវិធីប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជានេះក៏មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនមួយចំនួនទៀតបានសន្យាជួយសាងសង់បន្ថែមទៀតខ្លះដែរ ដូច្នេះលោកទេសរដ្ឋមន្ត្រីក៏សង្ឃឹមថា ថ្នាក់ដឹកនាំ និងសប្បុរសជនផ្សេងទៀតបន្តជួយឧបត្ថម្ភដល់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនផ្សេងទៀតផងដែរ៕