(ភ្នំពេញ)៖ ទំលាប់ជឿលើអ្នកនយោបាយពូកែតែសំដី តែធាតុពិតភ្នែកសំឡឹងមើលតែកៅអីអំណាច ចរិតជាត្រីចង្វាជួបទឹកភ្លៀងថ្មីៗ នៃពលរដ្ឋខ្មែរយើងមួយចំនួន ទីបំផុតបានត្រឹមតែធ្វើឲ្យប្រទេសជាតិជួបមហន្តរាយ ពលរដ្ឋភាគច្រើនរងគ្រោះម្ដងជាពីរដង កង់ប្រវត្តិសាស្ត្ររបស់ខ្មែរវិលវល់ទៅមកៗ មិនអាចងើបផុតពីភាពក្រីក្រអោយបានឆាប់រហ័ស ដូចបណ្ដាលប្រទេសនៅក្នុងតំបន់បាននោះឡើយ។

គេមិនចាំបាច់ក្រឡេកមើលក្រោយឲ្យវែងឆ្ងាយរហូតដល់សម័យអង្គរ ឬសម័យលង្វែកនោះទេ ដោយគេគ្រាន់តែក្រឡេកមើលក្រោយពីសម័យអាណានិគមបារាំងរហូតមក តើប្រទេសខ្មែរយើងរស់នៅប្រកបដោយសុខសន្តិភាពពេញបរិបូរណ៍បានប៉ុន្មានឆ្នាំ? ។ សម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់សម្ដេចឪ ថ្វីត្បិតមានការរីកចំរើន ស្រុកទេសមានសន្តិភាព ប៉ុន្តែដោយសារតែមហិច្ឆតាអំណាចបក្ខពួក និងភាពល្ងង់ខ្លៅនៃជនខ្មែរមួយចំនួន ដែលជឿលង់ទៅតាមការអូសទាញរបស់អ្នកនយោបាយល្មោភអំណាច និងលោភលន់យករាស្ត្រក្រីក្រ មកធ្វើជាឡប់ឡែបង្កឲ្យកើតមានភាពវឹកវរជាបន្តបន្ទាប់ ខ្លះយករូបភាពជាអ្នកចេះដឹងជំនាន់ថ្មីមកបោកបញ្ឆោត (ខ្មែរសេរី) រាស្ត្រខ្មែរអោយជឿតាមខ្លួនដើម្បីតែមហិច្ឆតាអំណាច និងបុណ្យស័ក្ដិបក្ខពួករបស់ខ្លួន ខ្លះទៀតយករូបភាពជាអ្នកស្នេហាជាតិរើបំរាស់ពីការជិះជាន់វណ្ណៈសក្ដិភូមិ ទៅបោករាស្ត្រដើម្បីបិទបាំងនូវអំពើចោរព្រៃរបស់ខ្លួន (ខ្មែរឥស្សរៈខ្លះ)។ តែអ្នកដែលរងគ្រោះដោយសារសកម្មភាពទាំងអស់នេះគឺជាតិ និងប្រជាពលរដ្ឋក្រីក្រដែលគ្នាខ្វះការពិចារណា ហើយតែងតែជឿទៅលើសំដីបោកប្រាស់របស់អ្នកនយោបាយមួយចំនួនណានោះទាំងមិនដឹងខ្លួន។ ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញឲ្យឃើញជាក់ស្ដែងជាបន្តបន្ទាប់រួចមកហើយ ហើយក៏មានខ្មែរភាគច្រើនដែលមានវ័យចំណាស់ ៗនៅចងចាំមិនទាន់ភ្លេចនៅឡើយនោះទេ។

នៅចុងទសវត្សរ៍ទី៦០ និងដើមឆ្នាំ១៩៧០ ព្រោះតែមហិច្ឆតាចង់ដណ្ដើមអំណាចពីសម្ដេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ លោកសេនាប្រមុខ លន់ នល់ ដែលជាមេបញ្ជាការកងទ័ពជាន់ខ្ពស់ និងជាមនុស្សជំនិតរបស់ព្រះអង្គ រួមនឹងបក្ខពួក បានដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ម្ដងក្រោមលេសចោទរាជរដ្ឋាភិបាលរបស់ព្រះអង្គពុករលួយ បក្ខពួកនិយម ម្ដងចោទព្រះអង្គលក់ដីអោយយួនកំម្មុយនីស្ដខាងជើង អនុញ្ញាតអោយជនជាតិ និងកងទ័ពយួនខាងជើង ចូលនៅលើដីខ្មែរស្ទើរពេញប្រទេស ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលមិនដឹងឧបាយកល នាំគ្នាជឿជាបន្តបន្ទាប់រហូតដល់ លន់ នល់ និងបក្ខពួកប្រើដៃជើងចាយលុយដុតបញ្ឆេះកំហឹងពលរដ្ឋ និងនិស្សិតខ្មែរឲ្យធ្វើបាតុកម្មប្រឆាំងនឹងព្រះអង្គជាហូរហែ រហូតដល់ជួលសិស្សនិស្សិតដែលគ្នាជាក្រណាត់សសោះ ឲ្យធ្វើបាតុកម្មហិង្សាដុតស្ថានទូតវៀតណាមបង្កភាពវឹកវរពេញទីក្រុង និងពេញផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៧០ ហើយលោក លន់ នល់ និងបក្ខពួកយកហេតុផលស្ដារប្រទេសជាតិឡើងវិញ ក៏នាំគ្នាផ្ដួលរំលំរបបសង្គមរាស្ត្រនិយមរបស់សម្ដេចឪចោល ហើយឡើងកាន់អំណាចខ្លួនឯងបង្កើតជារបបសាធារណរដ្ឋថ្មី តែក៏មិនបានធ្វើឲ្យប្រទេសជាតិស្ងប់ស្ងាត់មានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធានោះដែរ តែប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំកាន់មានភាពវឹកវរ បង្កចលាចល សង្គ្រាមផ្ទៃក្នុងចេះតែរីករាលដាលទៅៗ។ ពេលខ្លះព្រោះតែដើម្បីប្រជែងអំណាច ប្រកាន់បក្ខពួក ក្រុមមួយបង្កើតភាពវឹកវរ កេងយកចំណេញពីក្រុមមួយទៀត ធ្វើឲ្យរាស្ត្រដែលគ្មានការគិតគូរវែងឆ្ងាយ នាំគ្នាជឿស្លុងធ្លាក់ខ្លួនទៅជាអាយ៉ង ជាអ្នកបំរើនយោបាយរបស់គេដោយមិនដឹងខ្លួន។

ជាក់ស្ដែងនៅឆ្នាំចុងឆ្នាំ១៩៧១ ខណៈព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើជានាយករដ្ឋមន្ត្រី ដោយគ្រាន់តែលោក លន់ ណុន ដែលជាប្អូនលោក លន់ នល់ រកាំចិត្តជាមួយព្រះអង្គម្ចាស់សិរិមតៈ ពួកគេក៏ជះលុយជួលសិស្សនិស្សិតធ្វើបាតុកម្ម ទាមទារទម្លាក់ព្រះអង្គចេញពីអំណាច នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧២ បានដោយងាយ ទាំងសិស្សនិស្សិតខ្លះមិនដឹងថា ខ្លួនឯងធ្វើបាតុកម្មដើម្បីអ្វីពិតប្រាកដផង ឃើញគេបបួលក៏ចេះតែទៅតាមគ្នា ឃើញគេស្រែកឲ្យប្រឆាំងរដ្ឋាភិបាលសិរិមតៈ ក៏ចេះតែស្រែកតាម ទាំងខ្លួនឯងក៏ជាអ្នកគាំទ្រព្រះអង្គសិរិមតៈមួយរូបដែរនោះ។ ទីបំផុតលោក អ៉ឹម យូហៃ, លោក សន ថាត ដែលជាមេៗសមាគមសិស្ស និស្សិត បញ្ញវន្តខ្មែរ ដែលជាអ្នកដឹកនាំសិស្ស-និស្សិតធ្វើបាតុកម្ម ហែមឈ្ឈូសអត់ខ្មោចពេញទីក្រុង ប្រឆាំងរដ្ឋាភិបាលក្រោមការជួល និងជួយឧបត្ថម្ភពីលោក លន់ ណុន និងបក្ខពួកនោះ ក្រោយមកត្រូវបានក្រុម លន់ នល់, លន់ ណុន ជួយឲ្យបានឈរឈ្មោះ ប្រជាជនបោះឆ្នោតឲ្យជាប់ជាតំណាងរាស្ត្រ ដោយសារមើលឃើញពីភាពស្នេហាជាតិរបស់ពួកគាត់នាពេលធ្វើបាតុកម្ម តែក្រោយបានធ្វើតំណាងរាស្ត្រ និងត្រូវថ្នាំសណ្ដំរបស់ក្រុម លន់ នល់ លន់ ណុន មកក៏ស្ងាត់មាត់ស្ងាត់សកម្មភាពស្នេហាជាតិ បាត់ឈឹង ទើបសិស្សនិស្សិតម្នាក់ៗនាំគ្នាភ្ញាក់ខ្លួន ហើយប្រកាសថាចាញ់បោក អ៉ឹម យូហៃ ចាញ់បោក សន ថាត នាំគ្នាចូលរួមធ្វើបាតុកម្មឲ្យពួកគេបានធ្វើតំណាងរាស្ត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងលោក លន់ នល់

អ្វីដែលកាន់តែស្ដែងឲ្យគេមើលឃើញថាក្រុម លន់ នល់ និងបក្ខពួកម្នាក់ៗគិតតែរឿងអំណាច និងបក្ខពួក បានអំណាចដោយសារការផ្ដួលរំលំរបបសង្គមរាស្ត្រនិយម ជ្រកក្រោមផ្លាកស្នេហាជាតិក្លែងក្លាយនោះ គឺរបបសាធារណរដ្ឋដែលមានអាយុតែជាង៥ឆ្នាំបន្តិចសោះនេះ តែពួកគេរុះរើដោះដូរក្បាលម៉ាស៊ីនរដ្ឋាភិបាល រហូតដល់ទៅ ៤-៥ដង មានទាំងអ្នកខ្លះឡើងធ្វើនាយករដ្ឋមន្ត្រីមិនបានមួយត្រីមាសផង (ស៊ឺង ង៉ុកថាញ់)។ ចុងក្រោយដោយសារមហិច្ឆតាអំណាច និងបក្ខពួករៀងៗខ្លួន របស់អ្នកនយោបាយ ស្របនឹងប្រជាពលរដ្ឋយើងភាគច្រើនចូលចិត្តអ្វីដែលថ្មី ជឿទៅលើអ្វីដែលមិនបានឃើញនឹងភ្នែក មិនបានស្ដាប់ឮនឹងត្រចៀក ចូលចិត្តត្រចៀកស ចូលចិត្តជ្រួលជ្រើមដូចត្រីចង្វាឃើញទឹកភ្លៀងថ្មីៗ ទីបំផុតពួកគេបានងាកទៅជឿ និងគាំទ្រពួកខ្មែរក្រហមស្លុងទាំងមិនដឹងខ្លួន លទ្ធផលចុងក្រោយទឹកភ្នែកគ្រប់ៗគ្នា អ្នកខ្លះស្លាប់ទាំងពូជ អ្នកខ្លះស្លាប់ទាំងគ្រួសារ ព្រាត់ប្រាស់និរាសគ្រប់ៗគ្នា ប្រទេសជាតិធ្លាក់ដល់បាតដាលនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជសាសន៍ខ្មែរក្រហម។

មេដឹកនាំក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

បច្ចុប្បន្នសន្តិភាព និងស្ថិរភាពសង្គមមានពេញផ្ទៃប្រទេសហើយ តែដោយសារតែមហិច្ឆតារបស់អ្នកនយោបាយចង់បានអំណាចចេះតែនាំគ្នាផ្លុំត្រចៀក ចាក់ចង្កេះក្រោមលេសលទ្ធិប្រជាធិបតេយ្យក្លែងក្លាយរបស់ពួកគេ ឲ្យខ្មែរប្រុសស្រីជឿទៅតាមមហិច្ឆតាលោភលន់របស់ខ្លួន ធ្វើយ៉ាងឲ្យប្រទេសជាតិវឹកវរកើតកលយុគ្គ ងាយខ្លួនទាញយកប្រយោជន៍ពីភាពវឹកវរ និងចលាចលទាំងនេះ ដែលរាស្ត្រប្រុសស្រីភាគច្រើនមិនបានដឹងខ្លួនសោះឡើយ។

ជាក់ស្ដែង ភាពវឹកវរនៅមជ្ឈិមបូព៌ា ប្រទេសជាតិភាគច្រើនដែលធ្លាប់តែមានការរីកចំរើន មានសុខសន្តិភាព បែរជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមវិនាសហិនហោច ដោយសារតែមហិច្ឆតារបស់បុគ្គលមួយចំនួន ជ្រកក្រោមប្រជាធិបតេយ្យក្លែងក្លាយជាឧទាហរណ៍ស្រាប់។

ព្រោះតែដើម្បីមហិច្ឆតាអំណាច បក្ខពួក របស់បុគ្គលមួយក្រុម តើពលរដ្ឋខ្មែរយើងគួរបន្តជឿតាមពាក្យឃោសនាជ្រកក្រោមលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ បង្កើតភាពវឹកវរនៅក្នុងសង្គមតទៅដែរឬអត់? សម័យនេះហើយចូលខ្មែរប្រុសស្រី ល្មមឈប់ចាញ់បោកពួកអ្នកនយោបាយហុតទឹកសម្លឹងកាកហើយ ចូលនាំគ្នាថែរក្សាសន្តិភាពជាតិ និងស្ថិរភាពសង្គមឲ្យបានល្អ ហើយនាំគ្នាធ្វើការរកស៊ីទទួលទានដោយសុខសន្តិភាពរៀងៗខ្លួន វាល្អជាជាងឲ្យខ្លួនលុងចាញ់ឧបាយកលរបស់ជនខិលខូចមួយក្ដាប់តូចណានោះតទៅទៀត៕