(ឥណ្ឌា)៖ ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ មានគ្នាប្រមាណជា៤ ទៅ ៦នាក់ បានបើកការវាយប្រហារ នៅព្រឹកថ្ងៃអាទិត្យនេះ ទៅលើទីស្នាក់ការកណ្ដាលនៃកងពលតូចយោធាឥណ្ឌាមួយកន្លែង ស្ថិតនៅក្បែរព្រំដែន ជាមួយនិងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ទាហាន យ៉ាងហោចណាស់ ១៧នាក់ ហើយដែលនេះគឺជាការ វាយប្រហារដ៏អាក្រក់មួយ នៅភាគខាងជើងតំបន់ Kashmir គិតចាប់តំាងពីឆ្នាំ ២០១៤មក។ នេះបើតាម អះអាងពីមេបញ្ជារការ យោធាឥណ្ឌាមួយរូប ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា ការវាយប្រយុទ្ធគ្នាកំពុងបន្តនៅឡើយ ខណៈក្រុមយោធា បានបញ្ជូនឧទ្ធម្ភាចក្រ ជាច្រើនគ្រឿងដើម្បីជម្លៀសទាហានរបួសជាង ២០នាក់ ហើយយោធាឥណ្ឌា ក៏ពុំទាន់ធ្វើការអត្ថាធិប្បាយផ្លូវ ការណាមួយនៅឡើយដែរ គ្រាន់តែអះអាងថា ក្រុមសកម្មប្រយុទ្ធបួននាក់ត្រូវបានសម្លាប់។ ដោយឡែក បន្ទាប់ពីទទួលបានព័ត៌មានពីការវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃឥណ្ឌាលោក Rajnath Singh បានបញ្ជារឱ្យអាជា្ញធរ នៅក្នុងតំបន់ទំាងអស់ តាមដានស្ថានភាព ព្រមទំាង បានសម្រេចចិត្តលុបចោលគម្រោង ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និង សហរដ្ឋអាមេរិក៕