(ភ្នំពេញ)៖ អបអរសាទរសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានចូលជាសមាជិកផ្លូវការរបស់សាកលវិទ្យាល័យសាយប័រកម្ពុជា Cambodian Cyber University Network (CCUN) ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ លោកស្រីឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បានធ្វើបទបង្ហាញដោយផ្ទាល់អំពីសាកលវិទ្យាល័យផងដែរ។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ ទី១). បន្តនិរន្តរភាពនៃការ​បណ្តុះបណ្តាលនៅ​កម្រិត​ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២). ពង្រឹងគុណភាព​នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យ​អស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣). ផ្ដល់​លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤). បើកចំហធនធានសិក្សាទៅកាន់​អ្នក​សិក្សាក្នុងតំបន់ និងសាកលលោក។

គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សា​សា​ធារណៈ និងឯកជនចំនួន១២ ដែលបានចូលជាសមាជិក៕